(គូឡាឡាំពួ)៖ លោកនាយករដ្ឋមន្ត្រី មូហ៍យីដទីន យ៉ាសស៊ីន (Muhyiddin Yassin) បានប្រកាសថា ប្រទេសម៉ាឡេស៊ីត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីឈ្មោះប្រទេស ដែលមានអាទិភាពទទួលបានវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ពីប្រទេសចិន ដែលនឹងត្រូវចែកចាយនៅក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គម Facebook នៅថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នេះថា យើងទទួលបានការធានាដោយផ្ទាល់ ពីឯកអគ្គរដ្ឋទូតចិនប្រចាំម៉ាឡេស៊ីលោក ប៉ៃ ធាន (Bai Tian) នៅក្នុងដំណើរទស្សនកិច្ចបិទបញ្ចប់បេសកកម្ម នៅឯអគារសភាកាលថ្ងៃពុធម្សិលមិញ។ ប្រទេសម៉ាឡេស៊ីក៏បានសម្តែងការកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នេះផងដែរ។

ជាការឆ្លើយតប លោក Bai Tian ក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋាភិបាលម៉ាឡេស៊ីវិញដូចគ្នា ដែលតែងតែផ្តល់ការគាំទ្រជុំវិញបញ្ហានានា ដល់សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសលើបញ្ហាជំងឺរាតត្បាតសកល COVID-19។ លោក Tian បានបន្ថែមទៀតថា ប្រទេសចិនបានចាត់ទុកប្រទេសម៉ាឡេស៊ី ជាប្រទេសដ៏ស្និទ្ធស្នាលមួយ ដែលតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការជួយ នៅពេលដែលប្រទេសចិនត្រូវការ។

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីតែងតែស្វាគមន៍ ក្រុមហ៊ុនជាច្រើនផ្សេងទៀតពីប្រទេសចិន ដើម្បីធ្វើឲ្យប្រទេសម៉ាឡេស៊ីក្លាយជាទិសដៅទាក់ទាញ សម្រាប់ការវិនិយោគជាពិសេសនៅក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាទំនើបៗ។ លោក Muhyiddin ក៏បានកត់សម្គាល់ទៀតថា រដ្ឋាភិបាលចិនបានអបអរសាទរប្រទេសម៉ាឡេស៊ី ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២០ ដែលទើបបិទបញ្ចប់កាលពីសប្តាហ៍មុន៕