(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងចិននៅថ្ងៃព្រហស្បតិ៍នេះបានសន្យាថា នឹងធ្វើការរួមគ្នាដើម្បីជំរុញចំណងទាក់ទងទ្វេភាគី ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងពិភពលោក រួមទាំងការបន្តកិច្ចចរចាលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង និងជំងឺរាតត្បាតសកល COVID-19 ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha) រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានជួបពិភាក្សាជាមួយសមភាគីចិនលោក វ៉ាង យី (Wang Yi) ដែលបានទៅដល់ទីក្រុងសេអ៊ូលកាលពីល្ងាចថ្ងៃពុធម្សិលមិញ បន្ទាប់ពីលោកបានចំណាយពេល ០២ថ្ងៃបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ លោក Wang គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក គឺដើម្បីបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរចិន-កូរ៉េខាងត្បូង កំពុងបង្កើនសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រ ដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាលើកកម្ពស់អភិបាលកិច្ចសកល។

នៅក្នុងកិច្ចប្រជុំខាងលើនេះ លោក Wang Yi បានលើកឡើងយ៉ាងដូច្នេះថា «ជំងឺ COVID-19 មិនអាចកម្ចាត់ពលរដ្ឋនៃប្រទេសទាំងពីរបានឡើយ ហើយចំណងទ្វេភាគីរវាងប្រទេសទាំងពីរ បានយកឈ្នះលើជំងឺ COVID-19 និងបានបង្ហាញពីកម្លាំង និងភាពរឹងមាំជាងមុន»។ ជាការឆ្លើយតប លោកស្រី Kang Kyung-wha បានថ្លែងអំណរគុណចំពោះលោក Wang សម្រាប់ដំណើរទស្សនកិច្ចលើកនេះនៅកូរ៉េខាងត្បូង និងបានសម្តែងក្តីសង្ឃឹមសម្រាប់ការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅលើបញ្ហានានារួមមាន បញ្ហាកូរ៉េខាងជើង, ការរីករាលដាលនៃជំងឺរាតត្បាត COVID-19 និងជាពិសេសការងើបឡើងវិញនៃសេដ្ឋកិច្ច នៅមុនខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងទ្វេភាគី ដែលនឹងប្រារព្ធឡើងនៅក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ថា លោក Wang ក៏គ្រោងនឹងចូលជួបសម្តែងការគួរសម ចំពោះប្រធានាធិបតីកូរ៉េខាងត្បូង លោក មូ ចេអ៉ីន (Moon Jae-in) ផងដែរ។ លោក Wang គឺជាអ្នកការទូតជាន់ខ្ពស់ចិនទី ២ហើយ ដែលបានធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក យ៉ាង ជីឈី (Yang Jiechi) មន្ត្រីជាន់ខ្ពស់ នៃគណបក្សកុម្មុយនិស្តចិន កាលខែសីហាកន្លងទៅនេះ គិតចាប់តាំងពីវីរុសកូរ៉ូណាផ្ទុះឡើង ៕