(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ ប៉ុន្មានថ្ងៃក្រោយចាញ់នៅក្នុងការបោះឆ្នោតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានជួបប្រជុំជាមួយទីប្រឹក្សាយោធា ជាន់ខ្ពស់របស់លោក នៅឯសេតវិមាន ដើម្បីពិភាក្សាពីលទ្ធភាពបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៉ីរ៉ង់។ តែព្រមពេលជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងនោះរួមមាន លោកអនុប្រធានាធិបតី ម៉ៃក៍ ភែន, រដ្ឋមន្ត្រីការបរទេស លោក ម៉ៃក៍ ប៉ុមប៉េអូ និងនាយសេនាធិការចម្រុះកងទ័ពអាមេរិក លោក នាយឧត្តមសេនីយ៍ ម៉ាក មីលលី (Mark Milley) បានបញ្ចុះលោក ត្រាំ ឱ្យពិចារណាឡើងវិញ ដោយពួកគេព្រមានថាការវាយប្រហារលើអ៉ីរ៉ង់ អាចនឹងបង្កឱ្យសង្រ្គាម ក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលផ្ទុះឡើង។

ការព្រួយបារម្ភថាលោក ដូណាល់ ត្រាំ អាចនឹងបើកការវាយប្រហារលើអ៉ឺរ៉ង់ បានផ្ទុះឡើងជាថ្មី បន្ទាប់ពីសារព័ត៌មានអាមេរិក Axios នៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍ ថាកងទ័ពអ៉ីស្រាអែល ត្រូវបានណែនាំឱ្យត្រៀមខ្លួនជានិច្ច និងស្ថិតនៅក្នុងលក្ខណៈប្រុងជើងការ ចំពោះលទ្ធភាពដែលលោក ត្រាំ អាចនឹងបើកការវាយប្រហារលើអ៉ីរ៉ង់ មុននឹងលោកចាកចេញពីសេតវិមាន នៅខែមករា ឆ្នាំ២០២១។ លើសពីនេះទៅទៀត កាលពីប៉ុន្មានថ្ងៃមុននេះ ក៏លេចលឺដំណឹងថា សហរដ្ឋអាមេរិកបានបញ្ជូនយន្ដហោះ ទម្លាក់គ្រាប់បែកជាច្រើនគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្រោយការបញ្ចប់ដំណើរទស្សនកិច្ចក្នុងតំបន់នេះរបស់លោករដ្ឋមន្ត្រីការបរទេស ប៉ុមប៉េអូ ផងដែរ។

*ប្រតិបត្តិការយោធាប្រឆាំងអ៉ីរ៉ង់?

បើតាមកាសែតអាមេរិក New York Times ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែវិច្ឆិកា លោក ដូណាល់ ត្រាំ បានប្រាប់ទីប្រឹក្សាយោធាជាន់ខ្ពស់របស់លោកពីបំណងវាយប្រហារ តាមផ្លួវអាកាសកម្ទេចទីតាំងនុយក្លេអ៊ែរ ណាតាន់ (Natanz) ស្ថិតនៅកណ្ដាលប្រទេសអ៉ីរ៉ង់។ Natanz គឺជារោងចក្រនុយក្លេអ៊ែរមួយ ត្រូវបានទីភ្នាក់ងារអន្តរជាតិថាមពល អាតូមិក (IAEA) រាយការណ៍កាលពីថ្ងៃទី១១ ខែវិច្ឆិកាថា ជាកន្លែងដែលអ៉ីរ៉ង់ស្ដុកទុកសារធាតុអ៊ុយរ៉ាញ៉ូមច្រើនជាង១២ដង នាពេលបច្ចុប្បន្ន បើធៀបទៅនឹងមុនពេលលោក ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៨។

អ្នកជំនាញមួយចំនួនដូចជា លោក រ៉ាយ៉ាន់ កូស្ដែលឡូ (Ryan Costello) ជានាយកក្រុមប្រឹក្សាជាតិអ៉ីរ៉ង់-អាមេរិក (NIAC) យល់ថាការវាយប្រហារលើអ៉ីរ៉ង់ មានភាគរយ តិចតួចណាស់ អាចនឹងកើតឡើង តែគេក៏មិនអាចច្រានចោលទាំងស្រុងនោះដែរ ជាពិសេសចំពោះមេដឹកនាំដែលពិបាកស្មានជម្រៅចិត្តដូចជាលោក ដូណាល់ ត្រាំ។ លោក Costello បន្ថែមថាការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ គឺជារឿងប្រថុយប្រថាននាំឱ្យសង្រ្គាមជាមួយអ៉ីរ៉ង់ រាលដាលទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល ហើយលោក ត្រាំ ផ្ទាល់ក៏មិនមានពេលគ្រប់គ្រាន់ ដើម្បីធ្វើរឿងនេះដែរ ដ្បិតបើសង្រ្គាមជាមួយអ៉ីរ៉ង់ផ្ទុះឡើងពិតមែន នោះវាមិនមែនជាសង្រ្គាមរយៈពេលខ្លីទេ ពីព្រោះអ៉ីរ៉ង់មានសមត្ថភាព យោធាគ្រប់គ្រាន់ អាចវាយបកសងសឹកលើសហរដ្ឋអាមេរិក វិញបាន។ ម្យ៉ាងវិញទៀត ខណៈលោក ត្រាំ ជិតផុតអាណត្តិជាប្រធានាធិបតីអាមេរិក បណ្ដាប្រទេសជាសម្ព័ន្ធមិត្ត អាមេរិក ដូចជាបារាំង អាល្លឺម៉ង់ និងអង់គ្លេសជាដើម ក៏ប្រហែលជានឹងមិនគាំទ្រប្រតិបត្តិការយោធាប្រឆាំងនឹងអ៉ីរ៉ង់ ឡើយ។

*បង្កភាពស្មុគស្មាញដល់រដ្ឋបាលថ្មីរបស់លោក ចូ បៃដិន?

លោកអនុប្រធានាធិបតី ម៉ៃក៍ ភែន, រដ្ឋមន្ត្រីការបរទេស លោក ម៉ៃក៍ ប៉ុមប៉េអូ, នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកនាយឧត្តមសេនីយ៍ ម៉ាក មីលលី រួមទាំង រដ្ឋមន្ត្រីការពារជាតិស្ដីទី លោក គ្រីស្ដូបហ្វឺ មីលល័រ (Christopher Miller) បានបញ្ចុះលោក ត្រាំ ឱ្យពិចារណាឡើងវិញ ចំពោះការវាយប្រហារលើទីតាំងនុយក្លេអ៊ែរនៅក្នុង ប្រទេសអ៉ីរ៉ង់ ដោយបារម្ភខ្លាចក្រែងអាចនឹងបង្កឱ្យសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលផ្ទុះឡើង។ បើតាមលោក Ryan Costello បើសិនជាសហរដ្ឋអាមេរិក ពិតជាបើក ការវាយប្រហារលើអ៉ីរ៉ង់ពិតមែន នោះអ៉ីរ៉ង់ អាចនឹងបញ្ជាឱ្យកងជីវពលស៊ីអ៉ីតស្មោះស្ម័គ្រនឹងខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា បើកការវាយប្រហារលើអារ៉ាប៊ីសាអូឌីត អ៉ីស្រាអែល កងទ័ពអាមេរិក ឬផលប្រយោជន៍អាមេរិកក្នុងតំបន់ រួមទាំងបណ្ដាប្រទេសអារ៉ាប់មួយចំនួន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។

ថ្នាក់ដឹកនាំយោធាអ៉ីរ៉ង់ ក៏ធ្លាប់បានព្រមានថា បើសិនជាសង្រ្គាមរវាងអាមេរិក និងអ៉ីរ៉ង់ផ្ទុះឡើង នោះវានឹងរាលដាលទៅជាសង្រ្គាមទូទាំងតំបន់ទាំងមូល ដោយអ៉ីរ៉ាក់ ស៊ីរី លីបង់ យេមែន អារ៉ាប៊ីសាអូឌីត និងគុយវ៉ែត ក៏អាចនឹងក្លាយជាសមរភូមិប្រយុទ្ធរវាងប្រទេសទាំងពីរផងដែរ។ ដូច្នេះលោក ត្រាំ អាចនឹងបើកការវាយប្រហារលើកងជីវពលស៊ីអ៉ីតគាំទ្រ អ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ ស៊ីរី ឬក្នុងប្រទេសយេមែន ជំនួសឱ្យការវាយប្រហារដោយផ្ទាល់ទៅលើអ៉ីរ៉ង់ មុននឹងលោកផុតអាណត្តិជាប្រធានាធិបតី នៅខែមករា ឆ្នាំ២០២១ ក៏ថា បាន។ ក្រៅពីនេះមុននឹងចេញពីសេតវិមាន លោក ត្រាំ ត្រូវបានគេរំពឹងថាអាចនឹងបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៉ីរ៉ង់ បង្កើតលក្ខខណ្ឌស្មុគស្មាញណាមួយ ដើម្បីរារាំង រដ្ឋបាលថ្មីរបស់លោក ចូ បៃដិន នាំសហរដ្ឋអាមេរិក ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ឡើងវិញ។

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Axios មិនមានព័ត៌មានជាក់លាក់ថា ការវាយប្រហារអាចនឹងត្រូវធ្វើឡើងភ្លាមៗ ឬនៅពេលណាឱ្យប្រាកដឡើយ។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំអ៉ីស្រាអែលជឿជាក់ថា សប្ដាហ៍ចុងក្រោយនៃការកាន់អំណាចជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ នឹងក្លាយជា «ពេលវេលាមួយដ៏រសើប» ហើយ ទីក្រុងវ៉ាស៊ីនតោន នឹងជូនដំណឹងដល់អ៉ីស្រាអែល មុននឹងខ្លួនធ្វើសកម្មភាពយោធាណាមួយ ប្រឆាំងនឹងអ៉ីរ៉ង់៕

ប្រភព៖ New York Times