(ញូដេលី)៖ ចំពោះមុខក្តីសង្ឃឹមនៃវ៉ាក់សាំង សម្រាប់ប្រយុទ្ធនឹងជំងឺរាតត្បាតជាសកល COVID-19 ប្រទេសឥណ្ឌាកំពុងតែខ្នះខ្នែងរៀបចំនូវសម្ភារៈក្លាសេ (ទូរទឹកកក) ដើម្បីត្រៀមសម្រាប់ការរក្សាទុក និងចែកចាយវ៉ាក់សាំងដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។

កន្លងមករដ្ឋាភិបាលឥណ្ឌាធ្លាប់បានលើកឡើងថា ឥណ្ឌាអាចនឹងទទួលបានវ៉ាក់សាំងចន្លោះ ៤០០-៥០០លានដូស ដើម្បីយកមកការពារជំងឺ COVID-19 ហើយបានបង្គាប់ឲ្យបណ្តារដ្ឋទាំងឡាយ បង្កើតផែនការជាបន្ទាន់ ដើម្បីត្រៀមសម្រាប់ការរក្សាទុក និងការចែកចាយវ៉ាក់សាំងទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទីពីរលើលោកមួយនេះ។

គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 តម្រូវឲ្យរក្សាទុក និងដឹកជញ្ជូនក្នុងបរិស្ថានត្រជាក់ខ្លាំងបំផុតជាប់ជានិច្ច ព្រោះថាពួកវានឹងបាត់បង់ប្រសិទ្ធភាព នៅពេលស្ថិតក្រោមសីតុណ្ហភាពខ្ពស់ ឬត្រជាក់មិនដល់កម្រិត ឧទាហរណ៍វ៉ាក់សាំង COVID-19 នៃក្រុមហ៊ុនអាមេរិក Pfizer បានតម្រូវឲ្យរក្សាទុកក្នុងសីតុណ្ហភាព -៧០អង្សាសេឯណោះ។ គិតមកទល់ពេលនេះ នៅក្នុងប្រទេសឥណ្ឌាមានមនុស្សជាង ៩.២លាននាក់ហើយលបានឆ្លងជំងឺ COVID-19 ដែលជាចំនួនច្រើនបំផុតទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក៕