(បាងកក)៖ បាតុករថៃរាប់ពាន់នាក់នៅថ្ងៃពុធសប្ដាហ៍នេះ បានទូលសុំឱ្យព្រះមហាក្សត្រថៃ ព្រះបាទ មហាវិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បោះបង់ចោលរាជសិទ្ធិក្នុងការគ្រប់គ្រង លើរាជសម្បត្តិតម្លៃរាប់ពាន់លានដុល្លារ។ ការអំពាវនេះត្រូវបានធ្វើឡើង នៅក្នុងបាតុកម្មតវ៉ាចុងក្រោយបំផុតមួយ ដើម្បីទាមទារឱ្យមានការធ្វើកំណែទម្រង់របបរាជានិយមថៃសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
កាលពីដំបូងឡើយ បាតុកម្មតវ៉ាត្រូវបានគ្រោងធ្វើឡើង នៅឯការិយាល័យរាជសម្បត្តិ (Crown Property Bureau) ដែលជាភ្នាក់ងារគ្រប់គ្រងរាជសម្បត្តិ នៃរបបរាជានិយមថៃ ក៏ប៉ុន្តែក្រោយប៉ូលិសបានដាក់ដំឡើងរបាំងការពារ និងពង្រាយកងកម្លាំងរាប់រយនាក់ ក្រុមបាតុករបានផ្លាស់ប្ដូរគោលដៅវិញ ដោយនាំគ្នាធ្វើបាតុកម្មតវ៉ានៅឯទីស្នាក់ការកណ្ដាល នៃធនាគារសាយ៉ាម (Siam Commercial Bank) ជាទីដែលព្រះមហាក្សត្រថៃកាន់កាប់ភាគហ៊ុនច្រើនជាង ២៣ភាគរយ ដែលធ្វើឱ្យទ្រង់ក្លាយជាម្ចាស់ភាគហ៊ុន ធំជាងគេបំផុតនៅក្នុងធនាគារមួយនេះ។ បើតាមប៉ូលិសថៃ ក្រុមបាតុករមានគ្នាប្រហែល ៨,០០០នាក់ បានចូលរួមក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃពុធម្សិលមិញ។
គួរបញ្ជាក់ថា ប៉ូលិសថៃបានកោះហៅមេដឹកនាំចំនួន ០៧រូប នៃក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលកំពុងប្រឈមមុខនឹងបទចោទប្រកាន់ អំពីការប្រមាថព្រះចេស្ដាព្រះមហាក្សក្រ ឱ្យចូលបង្ហាញខ្លួន ជុំវិញការអត្ថាធិប្បាយកំឡុងបាតុកម្មតវ៉ា ទាមទារឱ្យមានកំណែទម្រង់របបរាជានិយមថៃ។ មេដឹកនាំបាតុករទាំង ០៧រូបនេះមានពេលរហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីផ្ដល់ចម្លើយតបទៅនឹងការកោះហៅ ឱ្យបង្ហាញខ្លួននៅចំពោះមុខប៉ូលិស ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយមួយចំនួន ដែលធ្វើឡើងនាកំឡុងបាតុកម្មតវ៉ា កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនេះ។
ក្រុមចលនានិស្សិតរបស់ថៃ បានធ្វើការតវ៉ាអស់ជាច្រើនខែមកហើយ ដោយក្នុងនោះសញ្ញាម្រាមដៃបីរបស់ពួកគេ នៅតែត្រូវបានប្រើប្រាស់ ដើម្បីទាមទារចំណុច សំខាន់ៗចំនួន ០៣ ដោយទីមួយគឺលោក ប្រាយុទ្ធ ចាញ់អូចា ត្រូវចុះចេញពីតំណែងនាយករដ្ឋមន្ត្រី, ទីពីរគឺការកែប្រែរដ្ឋធម្មនុញ្ញ ឲ្យដូចមុនឆ្នាំ២០១៩ និងទី ៣ គឺការធ្វើកំណែទម្រង់រាជានិយម ដែលផ្តល់អំណាចជ្រុលពេក ដល់ព្រះមហាក្សត្របច្ចុប្បន្ន៕