(វ៉ាស៊ីនតោន)៖ របាយការណ៍មួយចេញផ្សាយដោយ សារព័ត៌មានអាមេរិកអាក់ស៊ីយ៉ូស (Axios) បានរាយការណ៍ថា កងទ័ពអ៉ីស្រាអែលត្រូវបានណែនាំ ឱ្យស្ថិតនៅក្នុងលក្ខណៈប្រុងជើងការ ចំពោះលទ្ធភាពដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ អាចនឹងបញ្ជាឱ្យកងទ័ពអាមេរិកវាយប្រហារលើអ៉ីរ៉ង់ មុនពេលលោកត្រូវដើរចេញពីសេតវិមាននៅខែមករា ឆ្នាំ២០២១។ នេះបើតាមការដកស្រង់ ការផ្សាយពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីក្រុមមន្ត្រីអាមេរិកជាន់ខ្ពស់អាមេរិក នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Axios បានបញ្ជាក់ទៀតថា មិនមានព័ត៌មានជាក់លាក់ថា ការវាយប្រហារអាចនឹងត្រូវធ្វើឡើងភ្លាមៗ ឬនៅពេលណាឱ្យប្រាកដឡើយ។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំអ៉ីស្រាអែលជឿជាក់ថា សប្ដាហ៍ចុងក្រោយនៃការកាន់អំណាចជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ នឹងក្លាយជា «ពេលវេលាមួយដ៏រសើប»។ មន្ត្រីអាមេរិកទាំងនេះបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងជូនដំណឹងដល់អ៉ីស្រាអែល មុននឹងខ្លួនធ្វើសកម្មភាពយោធាណាមួយ ប្រឆាំងនឹងប្រទេសអ៉ីរ៉ង់។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍មុន កាសែតអាមេរិក New York Times បានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានប្រាប់ទីប្រឹក្សាកំពូលៗរបស់លោក អំពីបំណងបើកការវាយប្រហារ លើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅសប្ដាហ៍ចុងក្រោយ នៃការកាន់តំណែងរបស់លោក។ ប៉ុន្តែក្រោយមកបន្តិច លោក ត្រាំ ត្រូវបានទីប្រឹក្សាជំនិតៗលោក បញ្ចុះបញ្ចូលឱ្យបោះបង់ចោលគំនិតនេះវិញ ដោយពួកគេព្រមានថា ការវាយប្រហារលើអឺរ៉ង់អាចនឹងនាំឲ្យ ផ្ទុះសង្រ្គាមក្នុងតំបន់ទាំងមូល៕