(ឡុងដ៍)៖ ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford នៅថ្ងៃពុធសប្ដាហ៍នេះ បានទទួលស្គាល់ពីកំហុសមួយក្នុងការផលិត ដែលនេះកំពុងបង្កឱ្យមាន ការសង្ស័យជាច្រើនពីលទ្ធផលបឋមនៃការធ្វើតេស្ដវ៉ាក់សាំង COVID-19 របស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ការទទួលស្គាល់ពីកំហុសបច្ចេកទេសខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford បានប្រកាសថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ ដែលអាចការពារមនុស្សពីការឆ្លង COVID-19 ប៉ុន្តែមិនបានបញ្ជាក់ថា តើហេតុអ្វីបានជាអ្នកស្ម័គ្រចិត្តក្នុងការធ្វើតេស្ដ មិនបានទទួលការចាក់វ៉ាក់សាំង ចំនួនពីរដូសតាមការគ្រោងទុកនោះឡើយ។
បើតាមលទ្ធផលបឋមនៃការធ្វើតេស្ដ ក្រុមអ្នកស័្មគ្រចិត្តដែលទទួលបានការចាក់វ៉ាក់សាំងពាក់កណ្ដាលដូស បង្ហាញថា វ៉ាក់សាំងអាចការពារពួកគេពី COVID-19 ល្អជាងក្រុមអ្នកចាក់វ៉ាក់សាំង ០២ដូស។ ប្រការនេះមានន័យថា វ៉ាក់សាំងមានប្រសិទ្ធភាព ៩០ភាគរយ នៅពេលចាក់លើក្រុមអ្នកស្ម័គ្រចិត្តក្នុងកម្រិតដូសទាប និងមានប្រសិទ្ធភាពត្រឹមតែ ៦២ភាគរយទៅវិញ នៅពេលចាក់វ៉ាក់សាំង ០២ដូសលើក្រុមអ្នកស្ម័គ្រចិត្ត ហើយបើបូកលទ្ធផលនេះបញ្ចូលគ្នា គឺវ៉ាក់សាំងមានប្រសិទ្ធភាព ៧០ភាគរយ។
ជុំវិញបញ្ហាក្នុងការធ្វើតេស្ដនេះដែរ សាកលវិទ្យាល័យ Oxford នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយថា ដបតូចៗមួយចំនួន (អំពូលថ្នាំចាក់) ដែលត្រូវបានប្រើប្រាស់ក្នុងការធ្វើតេស្ដ មិនមានកំហាប់វ៉ាក់សាំងត្រឹមត្រូវ ដូច្នេះហើយទើបអ្នកស្ម័គ្រចិត្ត ទទួលបានការចាក់វ៉ាក់សាំងត្រឹមពាក់កណ្ដាលដូស។ សាកលវិទ្យាល័យ Oxford បានបន្ថែមទៀតថា ខ្លួននឹងពិភាក្សាលើបញ្ហានេះជាមួយក្រុមអាជ្ញាធរនិយ័តករ ហើយនឹងបញ្ចប់ការធ្វើតេស្ដដំណាក់កាលទី ៣ ទាំងស្រុងលើអ្នកស្ម័គ្រចិត្តទាំងពីរក្រុមនេះ ខណៈកំហុសក្នុងការផលិតត្រូវបានកែតម្រូវ។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន AstraZeneca មនុស្ស ២,៧៤១នាក់ ទទួលបានការចាក់វ៉ាក់សាំងពាក់កណ្ដាលដូស ក្រោយមកទើបពួកគេទទួលបានការចាក់វ៉ាក់សាំងមួយដូសពេញ នៅក្នុងការធ្វើតេស្ដដំណាក់កាលទី ៣។ ចំណែកឯមនុស្ស ៨,៨៩៥នាក់ ទទួលបានការចាក់វ៉ាក់សាំងពីរដូសពេញ។ ប៉ុន្តែអ្នកជំនាញមួយចំនួនកំពុងសង្ស័យពីប្រសិទ្ធភាព នៃវ៉ាក់សាំងអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ដោយពួកគេយល់ថា ការចាក់វ៉ាក់សាំងក្នុងកម្រិតដូសតិច គឺវាបង្កការលំបាកក្នុងការវាយតម្លៃ អំពីប្រសិទ្ធភាពវ៉ាក់សាំង៕