(ប៉េកាំង)៖ ប្រធានាធិបតីចិនលោកស៊ី ជីនពីង នៅថ្ងៃពុធនេះ បានផ្ញើសារទៅ លោកចូ បៃដិន ដើម្បីអបអរសាទរក្នុងការបោះឆ្នោតជាប្រធានាធិបតី ក្លាយជាប្រធានធិបតីទី៤៦ របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Globle Time មុននេះបន្តិច នៅយប់ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងលិខិតនោះ លោកស៊ី បានគូសបញ្ជាក់ថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ មិនត្រឹមតែបម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ តែថែមទាំងបំពេញនូវសេចក្តីប្រាថ្នារួមរបស់សហគមន៍អន្តរជាតិទៀតផង។
ជាមួយគ្នានេះដែរ លោកស៊ី បានមានប្រសាសន៍ថា លោកសង្ឃឹមថាភាគីទាំងពីរនឹងប្រកាន់ខ្ជាប់នូវស្មារតីស្រុះស្រួលគ្នា មិនប្រឈមមុខគ្នា និងគោរពគ្នាទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ដើម្បីលើកកម្ពស់បុព្វហេតុដ៏ថ្លៃថ្នូនៃសន្តិភាពនិងការអភិវឌ្ឍពិភពលោក។
គួរបញ្ជាក់ថា នៅថ្ងៃដដែលនេះ អនុប្រធានាធិបតីចិន Wang Qishan ក៏បានផ្ញើលិខិតមួយទៅកាន់លោកស្រី Kamala Harris ដើម្បីអបអរសាទរ ចំពោះការឈ្នះបោះឆ្នោត ក្លាយជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ៕