(តូក្យូ)៖ អ្នកច្នៃម៉ូដនៅប្រទេសជប៉ុន ប្រយុទ្ធជាមួយនឹងជំងឺ COVID-19 ក្នុងទម្រង់ដ៏ប្រណិត ដោយបានរចនាម៉ាស់លំអដោយពេជ្រ និងគុជខ្យងក្នុងតម្លៃ ៩,៦០០ដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រុមហ៊ុន Cox’s Mask.com កាលពីសប្តាហ៍មុន បានចាប់ផ្តើមលក់ម៉ាស់ដែលធ្វើដោយដៃ ដែលវាជាគោលបំណងលើកទឹកចិត្តប្រជាជន និងជំរុញការលក់នៅក្នុងឧស្សាហកម្មម៉ូដដែលបានធ្លាក់ចុះដោយសារការឆ្លងរាតត្បាតនៃ COVID-19 អស់រយៈពេលជាច្រើនខែកន្លងទៅនេះ។
ម៉ាស់ពេជ្រ ត្រូវបានតែងលំអដោយត្បូងពេជ្រទំហំ ០,៧ការ៉ាត់ និងត្បូងគ្រីស្តាល់ម៉ាក Swarovski ជាង ៣០០គ្រាប់។ រីឯម៉ាស់គុជខ្យង ត្រូវបានតែងលំអដោយគុជជប៉ុនម៉ាក Ayoya ប្រមាណ ៣៣០គ្រាប់ផងដែរ។
អ្នកច្នៃម៉ូដម៉ាស នៅក្រុមហ៊ុនមួយនៅក្បែរស្ថានីយ៍ទីក្រុងតូក្យូ (Tokyo station) លោកស្រី Azusa Kajitaka បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា «មនុស្សគ្រប់គ្នាមានអារម្មណ៍អស់សង្ឃឹម ដោយសារតែការឆ្លងរាតត្បាតនៃ COVID-19 ហើយវានឹងល្អប្រសើរ ប្រសិនបើពួកគេអាចមានអារម្មណ៍ធូរស្បើយ ដោយមើលទៅម៉ាស់ដ៏ចែងចាំង ភ្លឺថ្លា និងស្រស់ស្អាតទាំងនេះ»។ លោកស្រីបានគូសបញ្ជាក់បន្ថែមថា «ឧស្សាហកម្មគ្រឿងអលង្ការ បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែ COVID-19 នេះ… ដូច្នេះហើយ ទើបយើងធ្វើវាទុកជាផ្នែកមួយនៃគម្រោង ដើម្បីជួយធ្វើឱ្យប្រទេសជប៉ុនមានភាពប្រសើរឡើងវិញ»។
គួរបញ្ជាក់ថា ក្រុមហ៊ុន Cox ដែលជាផ្នែកមួយនៃក្រុមហ៊ុនលក់រាយអុីអន (Aeon) បានបើកគេហទំព័រ Mask.com និងទីតាំងជាក់ស្តែងចំនួន៦ ចាប់តាំងពីខែកញ្ញាមកម្លេះ មានម៉ាស់រហូតដល់ ២០០ប្រភេទ ដែលមានតម្លៃចាប់ពី ៥០០យ៉េន ឬប្រមាណ ៥ដុល្លាអាមេរិកឡើងទៅ៕