(ម៉ូស្គូ)៖ សភាបារាំងកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ បានអនុម័តសេចក្តីព្រាងច្បាប់មួយ ស្តីពីសន្តិសុខសកល ដែលផ្តន្ទាទោសព្រហ្មទណ្ឌលើការផ្សព្វផ្សាយរូបភាពមន្ត្រីប៉ូលិស នៅលើប្រព័ន្ធអុីនធឺណែត បើទោះបីជាមានបាតុកម្មប្រឆាំងនិងមានការរិះគន់ថា ច្បាប់នេះរំលោភដល់សេរីភាពសារព័ត៌មានក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
សភាបារាំងបានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា សមាជិកសភាបារាំងបានអនុម័តលើសេចក្តីព្រោងច្បាប់ស្តីពីសន្តិសុខសកល ក្នុងសំឡេងគាំទ្រ ៣៨៨សំឡេង ប្រឆាំង ១០៤ សំឡេង និងអនុបវាទ ៦៦ សំឡេង។ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ចូនបន្តទៅឲ្យសភាជាន់ខ្ពស់ ដើម្បីត្រួតពិនិត្យបន្ថែមទៀតនៅខែមករា ឆ្នាំ២០២១ខាងមុចនេះ។
មាត្រា២៤ នៃច្បាប់ថ្មីនេះចែងថា ការចែកចាយវីដេអូ ឬរូបភាពមន្ត្រីអនុវត្តច្បាប់ ក៏ដូចជាការប៉ះពាល់លើរាងកាយ ឬផ្លូវចិត្តរបស់ពួកគេ គឺជារឿងខុសច្បាប់។ ក្រុមអ្នករិះគន់បានលើកឡើងថា ច្បាប់ថ្មីនេះអាចរារាំងដល់មុខងាររបស់ប្រព័ន្ធផ្សព្វផ្សាយ ដែលតែងតែផ្តល់ព័ត៌មានដល់ពលរដ្ឋ ក៏ដូចជាការរំលោភលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
ដោយឡែក ក្រុមអ្នកគាំទ្រវិញបានអះអាងថា គោលបំណងសំខាន់របស់ច្បាប់ថ្មីនេះ គឺដើម្បីផ្តល់ការការពារបន្ថែមដល់មន្ត្រីសន្តិសុខ ដែលជាបន្តបន្ទាប់រងនូវអំពើហឹង្សាក្នុងរយៈពេលជាច្រើនខែកន្លងមក រួមទាំងការវាយប្រហារទៅលើអង្គភាពប៉ូលិសនៅតំបន់ Champigny-Sur ជាយទីក្រុងប៉ារីស Champigny-Sur កាលពីពាក់កណ្តាលខែតុលា។ ប្រការទាំងនេះហើយ ទើបជំរុញឲ្យមន្ត្រីប៉ូលិសធ្វើបាតុកម្មទាមទារឲ្យមានការការពារបន្ថែមពីរដ្ឋាភិបាល។
នៅជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីបារាំងលោក Jean Castex បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា«រដ្ឋាភិបាលមិនមានចេតនាធ្វើឲ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនោះទេ»។ ជាមួយគ្នានេះ លោក Castex បានសង្កត់ធ្ងន់ទៀតថា លោកនឹងបញ្ជូនមាត្រា២៤ ដ៏ចម្រូងចម្រាសនៃច្បាប់ថ្មីនេះ ទៅតុលាការរដ្ឋធម្មនុញ្ញរបស់បារាំង។ ចំណុចសំខាន់នៃមាត្រានេះគឺការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំ ឬពិន័យជាប្រាក់ ៤៥,០០០ អឺរ៉ូ (ប្រហែលជា ៥៣,០០០ ដុល្លារអាមេរិក) សម្រាប់ការចែកចាយរូបភាពមន្ត្រីប៉ូលិសដោយខុសច្បាប់៕