(ហ្សាការតា)៖ សមាគមរ៉ែធ្យូងថ្មឥណ្ឌូណេស៊ី (APBI) បានឱ្យដឹងថា ចិននឹងទិញធ្យូងថ្ម ក្នុងតម្លៃ១.៤៦៧ពាន់លានដុល្លារ ពីប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចព្រមព្រៀងទិញធ្យូថ្មខាងលើ ត្រូវបានចុះហត្ថលេខាដោយសមាគម APBI និងក្រសួងដឹកជញ្ជូន និងចែកចាយធ្យូងថ្មនៃប្រទេសចិន នៅថ្ងៃពុធនេះ។ APBI បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដូច្នេះថា៖ «តាមរយៈកិច្ចព្រមព្រៀងនេះ យើងរំពឹងថាការនាំចេញធ្យូងថ្ម ទៅកាន់ប្រទេសចិន នឹងកើនឡើង ដល់២០០លានតោន នៅឆ្នាំខាងមុខ»។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ដែលជាប្រទេសនាំចេញធ្យូងថ្មដ៏ធំបំផុតមួយ នៅក្នុងពិភពលោក កំពុងស្ដារឡើងវិញនៅបណ្ដាញការទូត ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម លក់ធ្យូងថ្ម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងប្រទេសវៀតណាម ព្រមទាំងនាំចេញទៅកាន់ប្រទេសចិនជាដើម។ ការនាំចូលធ្យូងថ្មរបស់ចិន ពីឥណ្ឌូណេស៊ី សម្រាប់ផ្គត់ផ្គង់រោងចក្រថាមពលរបស់ខ្លួន បានធ្លាក់ចុះ ២៤.៥ភាគរយ ឬមកនៅត្រឹម ៨៦.៨៨លានតោន នៅក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ ២០២០នេះ ធៀបទៅនឹង ១១៥.០៣លានតោន ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩៕