(វែលីងតោន)៖ អាជ្ញាធរនូវែលសេឡង់នៅថ្ងៃពុធនេះបានឲ្យដឹងថា ត្រីបាឡែនអម្បូរ Pilot Whale និងត្រីដូហ្វីនអម្បូរ Bottlenose Dolphin ប្រហែលជា១០០ក្បាល បានងាប់នៅប្រជុំកោះដាច់ស្រយាលឈ្មោះ Chatham Islands ដែលស្ថិតនៅចម្ងាយ៨០០គីឡូម៉ែត្រ ពីឆ្នេរភាគខាងកើតនៃប្រទេសនូវែលសេឡង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
សត្វត្រីទាំងនោះភាគច្រើនបានជាប់គាំងនៅទីតាំងខាងលើ តាំងពីចុងសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានជួបឧបសគ្គ ដោយសារតែទីតាំងដាច់ស្រយាលពេកនៃប្រជុំកោះនោះ។ នាយកដ្ឋានអភិរក្សនូវែលសេឡង់ (DOC) បានគូសបញ្ជាក់ថា ត្រីបាឡែនសរុបចំនួន ៩៧ក្បាល និងត្រីដូហ្វីន៣ក្បាល បានងាប់នៅក្នុងហេតុការណ៍នេះ។
អ្នកជំនាញជីវៈចម្រុះរបស់ DOC លោក Jemma Welch បានឲ្យដឹងថា អាជ្ញាធរទទួលបានដំណឹងអំពីពួកវាកាលពីថ្ងៃអាទិត្យ ហើយទម្រាំតែទៅដល់កន្លែងដែលត្រីទាំងនោះជាប់គាំង គឺនៅសល់ត្រីបាឡែនត្រឹម២៦ក្បាលប៉ុណ្ណោះ ដែលនៅមានជីវិត ប៉ុន្តែដោយសារពួកវាភាគច្រើនមានសភាពទន់ខ្សោយពេកទៅហើយ អាជ្ញាធរក៏បានបង្ខំចិត្តសម្លាប់ពួកវាចោលតែម្តង ដោយសារស្ថានភាពទឹកសមុទ្រមិនអំណោយផល ជាពិសេសពពួកត្រីឆ្លាមសក៏ទំនងមានវត្តមាននៅក្នុងទឹកផងដែរ។
គួរបញ្ជាក់ថា ហេតុការណ៍សត្វត្រីជាប់គាំងច្រើនក្បាលបែបនេះ តែងកើតមានឡើងជាញឹកញាប់នៅតំបន់ប្រជុំកោះ Chatham ជាទីដែល ធ្លាប់មានត្រីរហូតដល់១,០០០ក្បាលមកទើរងាប់កាលពីឆ្នាំ១៩១៨។ បញ្ហានេះបានកើតឡើងរាប់មិនអស់ឡើយ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិសម័យទំនើប ប៉ុន្តែរហូតមកទល់ពេលនេះក្រុមអ្នកជំនាញផ្នែកជីវៈចំរុះសមុទ្រ មិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយទេ។ រំឭកកាលពីចុងខែកញ្ញាកន្លងទៅនេះវិញ ត្រីបាឡែនរាប់រយក្បាលបានងាប់នៅឆ្នេរសមុទ្រអូស្រ្តាលី ដែលជាការទើរត្រីបាឡែនយ៉ាងច្រើនបំផុតមួយ៕