(អាមេរិក)៖ ក្រុមហ៊ុន ប៊ូមស៊ូពើសូនិក (Boom Supersonic) ដែលមានមូលដ្ឋាននៅក្នុងរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក មានផែនការធ្វើតេស្តហោះហើរ យន្តហោះលឿនជាងសំឡេង (Supersonic Jet) របស់ខ្លួន នៅក្នុងឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ ដោយវែបសាយព័ត៌មាន Space នៅល្ងាចថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

យន្តហោះសាកល្បងខាងលើមានឈ្មោះថា XB-1 និងមានបណ្តោយប្រវែង ២២ម៉ែត្រ អាចដឹកអ្នកដំណើរបានយ៉ាងហោចជាង ៥០នាក់ និងផលិតឡើងដោយប្រើប្រាស់សមាសធាតុកាបូន ដែលអនុញ្ញាតឲ្យវាអាចធន់នឹងការហោះហើរ ក្នុងកម្រិតល្បឿន ដែលលឿនជាងសំឡេងបាន។ គោលដៅចុងក្រោយរបស់ក្រុមហ៊ុន Boom Supersonic គឺបង្កើតយន្តហោះ ដែលអាចធ្វើដំណើរក្នុងកម្រិតល្បឿន Mach 2.2 ឬលឿនជាងល្បឿនសំឡេង ២.២ដង។

លោក ប្លេក ស្កូល (Blake Scholl) ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Boom Supersonic បាននិយាយថា យន្តហោះ XB-1 មានសារៈសំខាន់ជាខ្លាំង ក្នុងការអភិវឌ្ឍយន្តហោះដឹកអ្នកដំណើរ មានល្បឿនលឿនជាងសំឡេង ដែលមានឈ្មោះផ្លូវការថា អូវើឈើ (Overture)។

ក្រុមហ៊ុន Boom បានបញ្ជាក់ថា ប្រសិនបើគម្រោងធ្វើតេស្តហោះហើរយន្តហោះ XB-1 ប្រព្រឹត្តទៅដោយគ្មានបញ្ហាតាមការគ្រោងទុក ហើយការអភិវឌ្ឍរបស់ Overture នៅតែទាន់កាលវិភាគនោះ ក្រុមហ៊ុនសង្ឃឹមថា នឹងអាចធ្វើតេស្តហោះហើរពេញលក្ខណៈនៅឆ្នាំ២០២៥ ដើម្បីត្រៀមសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ នៅប៉ុន្មានឆ្នាំក្រោយនោះ។

គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Boom Supersonic ការធ្វើដំណើរតាមរយៈយន្តហោះលឿនជាងសំឡេង នឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើរបានច្រើន។ ពាក់ព័ន្ធនឹងយន្តហោះដឹកអ្នកដំណើរ ដែលមានល្បឿនលឿនជាងសំឡេងកន្លងមក ក៏ធ្លាប់មានយន្តហោះប្រភេទនេះ បានធ្វើប្រតិបត្តិការផងដែរ ប៉ុន្តែមិនបានយូរនោះទេ គឺយន្តហោះ ខុនខដ (Concorde) របស់ចក្រភពអង់គ្លេស និងបារាំង ព្រមទាំងយន្តហោះ ទូផូឡេវ (Tupolev Tu-144) របស់អតីតសហភាពសូវៀត៕