(ម៉ិចស៊ីកូ)៖ រដ្ឋមន្រ្តីការបរទេសម៉ិចស៊ីកូ លោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) បានថ្លែងថា ប្រទេសអាមេរិកខាងជើងមួយនេះ នឹងអាចចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) នៅក្នុងខែធ្នូខាងមុខនេះបាន ប្រសិនបើក្រុមជំនាញនៃប្រទេសនេះ បញ្ជាក់ពីប្រសិទ្ធភាពរបស់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមលោក ម៉ាសេឡូ អេប្រាដ ប្រទេសម៉ិចស៊ីកូកំពុងមានទំនាក់ទំនង ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ដែលមានប្រសិទ្ធភាពខ្ពស់មួយចំនួន រួមទាំងក្រុមហ៊ុនផលិតវ៉ាក់សាំងចិន ខេនស៊ីណូ បាយអូឡូជីក (CanSino Biologics), ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក ភីហ្វីហ្សឺ (Pfizer), និងក្រុមហ៊ុនផលិតវ៉ាក់សាំងអង់គ្លេស អាស្រ្តាហ្សេណេកា (AstraZeneca)។
លោក Ebrad បានគូសបញ្ជាក់ថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer ត្រូវបានគេរំពឹងថា នឹងត្រូវបានអនុម័តនៅថ្ងៃទី១០ ខែធ្នូខាងមុខនេះ ដោយអាជ្ញាធរសុខាភិបាលអាមេរិក។ លោក Ebrad បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើអាជ្ញាធរត្រួតពិនិត្យមើលឃើញថា វ៉ាក់សាំង COVID-19 អាចត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប ប្រទេសម៉ិចស៊ីកូនឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង នៅក្នុងខែធ្នូខាងមុខនេះ»។
គួរបញ្ជាក់តាមទិន្នន័យ ពីសកលវិទ្យាល័យអាមេរិក ចន ហបឃីនស៍ (Johns Hopkins) គិតត្រឹមថ្ងៃពុធនេះប្រទេសម៉ិចស៊ីកូ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសចំនួន ១,០៤៩,៣៥៨ករណី ក្នុងនោះអ្នកស្លាប់មានចំនួន ១០១,៩២៦នាក់៕