(ឡុងដ៍)៖ ក្រុមហ៊ុន អាស្ត្រាហ្សេណេកា (AstraZeneca) កាលពីពេលថ្មីនេះបានប្រកាសថា វ៉ាក់សាំង COVID-19 របស់ខ្លួន ដែលកំពុងស្ថិតនៅក្នុងការធ្វើតេស្ដដំណាក់កាលទី ៣ ក្រោមការអភិវឌ្ឍ រួមគ្នាជាមួយសាកលវិទ្យាល័យអង់គ្លេស Oxford មានប្រសិទ្ធភាពការពារមនុស្សពី COVID-19 បានតែជាង ៧០ភាគរយ នៅពេលទទួលបានការចាក់វ៉ាក់សាំងមួយដូស។ ប៉ុន្តែនៅពេលទទួលការចាក់វ៉ាក់សាំងដូសទី ២ ប្រសិទ្ធភាពបានកើនឡើងដល់ ៩០ភាគរយ។
បើតាមទិន្នន័យបឋមនេះ វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ហាក់ដូចជា មានប្រសិទ្ធភាពទាបជាងវ៉ាក់សាំង របស់ក្រុមហ៊ុនអាមេរិក Moderna និងក្រុមហ៊ុន Pfizer រួមទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុនរុស្ស៊ី Sputnik V ដែលសុទ្ធតែត្រូវបានអះអាងថា មានប្រសិទ្ធភាពការពារមនុស្សពី COVID-19 លើស ៩០ភាគរយឯណោះ។
តែទោះជាបែបនេះក្ដី ប្រសិទ្ធភាពតែមួយមុខ មិនមែនជាមធ្យោបាយដោះស្រាយបញ្ហាបានល្អនោះទេ។ លោក ម៉ៃខឺល ហ៊ីដ (Michael Head) ជាមន្ត្រីស្រាវជ្រាវជាន់ខ្ពស់ម្នាក់ផ្នែកសុខាភិបាលសកល នៃសាកលវិទ្យាល័យសោតថាំតុន (University of Southampton) ក្នុងចក្រភពអង់គ្លេសបាននិយាយថា ទោះបីជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាពទាបជាងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឬក្រុមហ៊ុន Moderna ក៏ដោយ តែវ៉ាក់សាំងរបស់ពួកគេ នៅតែមានចំណុចល្អជាច្រើន ដែលត្រូវយកមកពិចារណា។
លោក Head បានបន្ថែមថា ជាការពិតណាស់សុវត្ថិភាពគឺជារឿងសំខាន់ ហើយមកទល់នឹងពេលនេះ វ៉ាក់សាំង Oxford ក៏ត្រូវបានគេរាយការណ៍ផងដែរថា មានសុវត្ថិភាពល្អដោយមិនបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរណាមួយឡើយ។ ចំណុចល្អរបស់វ៉ាក់សាំង Oxford នោះគឺការស្ដុកទុក។ វ៉ាក់សាំង Oxford «អាចស្ដុកទុកនៅក្នុងទូរទឹកកកនៅក្នុងផ្ទះបាន» ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ឬក្រុមហ៊ុន Moderna និងវ៉ាក់សាំងរុស្ស៊ី សុទ្ធតែត្រូវការស្ដុកទុកក្រោមសីតុណ្ហភាពត្រជាក់បំផុត (-៧០អង្សាសេ) ដែលបញ្ហានេះកំពុងបង្កការលំបាក ក្នុងការដឹកជញ្ជូន ជាពិសេសនៅតាមបណ្ដាប្រទេសក្រីក្រតែម្ដង។
លើសពីនេះទៅទៀត វ៉ាក់សាំង Oxford ដែលត្រូវបានអភិវឌ្ឍឡើង ក្រោមបច្ចេកទេសវ៉ិចទ័រវីរុស (viral vector) គឺមានតម្លៃថោកត្រឹមតែ ៤ដុល្លារប៉ុណ្ណោះក្នុងមួយដូស បើធៀបទៅនឹង វ៉ាក់សាំងផលិតតាមបច្ចេកទេស mRNA របស់ក្រុមហ៊ុន Pfizer និង Moderna។ វ៉ាក់សាំងក្រុមហ៊ុន Pfizer មានតម្លៃប្រហែល ២០ដុល្លារក្នុងមួយដូស រីឯវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានតម្លៃ ៣៣ដុល្លារក្នុងមួយដូស។
គួរបញ្ជាក់ថា ក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ធ្លាប់បានសន្យាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួន ១ពាន់លានដូសដល់បណ្ដាប្រទេស រកបានប្រាក់ចំណូលទាប និងមធ្យម ជាមួយការប្ដេជ្ញាចិត្តថា នឹងផ្គត់ផ្គង់វ៉ាក់សាំងឱ្យបាន ៤០០លានដូសមុនដំណាច់ឆ្នាំ២០២០នេះ៕