(បាងកក)៖ ប៉ូលិសថៃបានកោះហៅមេដឹកនាំចំនួន ០៧រូប នៃក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលកំពុងប្រឈមមុខនឹង បទចោទប្រកាន់ប្រមាថព្រះចេស្ដា ឱ្យចូលបង្ហាញខ្លួន ជុំវិញការអត្ថាធិប្បាយកំឡុងបាតុកម្មតវ៉ា ទាមទារឱ្យមានកំណែទម្រង់របបរាជានិយមថៃសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមប្រភពពីមន្ត្រីប៉ូលិសថៃម្នាក់ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «មេដឹកនាំបាតុករទាំង ០៧រូបខាងលើ មានពេលរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីផ្ដល់ចម្លើយតបទៅនឹងការកោះហៅ ឱ្យបង្ហាញខ្លួននៅចំពោះមុខប៉ូលិស ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយមួយចំនួន ដែលធ្វើឡើងនាកំឡុងបាតុកម្មតវ៉ា កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនេះ»។ ប្រសិនបើមានការចោទប្រកាន់ជាផ្លូវការ ពីបទប្រមាថដល់ព្រះចេស្ដាព្រះមហាក្សត្រមែន នោះមេដឹកនាំបាតុករ អាចនឹងត្រូវប្រឈមមុខនឹងទោស ជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំឯណោះ។

ការកោះហៅឱ្យមេដឹកនាំក្រុមបាតុករទាំង ០៧រូបខាងលើ កាលពីថ្ងៃអង្គារម្សិលមិញ កើតឡើងតែមួយប៉ុណ្ណោះ បន្ទាប់ពីក្រុមបាតុករប្រកាសថា ពួកគេនឹងបាតុកម្មដ៏ធំមួយនៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកានេះ ដោយក្រុមបាតុករគ្រោងនឹងប្រមូលផ្តុំគ្នា នៅឯការិយាល័យរាជសម្បត្តិ (Crown Property Bureau) ដែលជាភ្នាក់ងារគ្រប់គ្រង ទ្រព្យសម្បត្តិ នៃរបបរាជានិយមថៃ ដើម្បីទាមទារឱ្យព្រះមហាក្សត្រថៃ បោះបង់ចោលការគ្រប់គ្រងរាជសម្បត្តិផ្ទាល់ខ្លួន។ ទោះជាយ៉ាងណា ព្រមពេលជាមួយគ្នានេះប៉ូលិសថៃ ក៏បានប្រកាសផងដែរថា គ្មានបាតុករណាម្នាក់នឹងត្រូវអនុញ្ញាត ឱ្យមានសកម្មភាពនៅចំងាយ ១៥០ម៉ែត្រ ពីការិយាល័យរាជសម្បត្តិនោះទេ។

គួរបញ្ជាក់ថា ក្រុមចលនានិស្សិតរបស់ថៃ បានធ្វើការតវ៉ាអស់ជាច្រើនខែមកហើយ ដោយក្នុងនោះសញ្ញាម្រាមដៃបីរបស់ពួកគេ នៅតែត្រូវបានប្រើប្រាស់ ដើម្បីទាមទារចំណុចសំខាន់ៗចំនួន ០៣ ដោយទីមួយគឺលោក ប្រាយុទ្ធ ចាញ់អូចា ត្រូវចុះចេញពីតំណែងនាយករដ្ឋមន្ត្រី, ទីពីរគឺការកែប្រែរដ្ឋធម្មនុញ្ញ ឲ្យដូចមុនឆ្នាំ២០១៩ និងទី ៣ គឺការធ្វើកំណែទម្រង់រាជានិយម ដែលផ្តល់អំណាចជ្រុលពេក ដល់ព្រះមហាក្សត្របច្ចុប្បន្ន៕