(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) អាចនឹងកាត់បន្ថយថេរវេលា នៃការធ្វើចត្តាឡីស័កឲ្យនៅខ្លីជាង ១៤ថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
បច្ចុប្បន្ននេះអាជ្ញាធរសុខាភិបាលអាមេរិក នៅតែបន្តការណែនាំឱ្យធ្វើចត្តាឡីស័ក សម្រាប់រយៈពេល «១៤ថ្ងៃ» ដើម្បីបង្ការការចម្លងវីរុស COVID-19 ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា មានភ័ស្តុតាងដែលអាចឲ្យយើងកាត់បន្ថយ រយៈពេលធ្វើចត្តាឡីស័កឱ្យនៅខ្លីជាងមុន ប្រសិនបើអ្នកជំងឺបានធ្វើតេស្តរកឃើញវីរុសរួចរាល់ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ករបស់ពួកគេ។
មន្ត្រីសុខាភិបាលកំពូលរបស់សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា យើងកំពុងត្រួតពិនិត្យមើលភស្តុតាងជាប្រចាំ... យើងក៏កំពុងចាប់ផ្តើមមានភស្តុតាងជាបណ្ដើរៗដែរថា ការធ្វើចត្តាឡីស័កដោយមានការធ្វើតេស្ត អាចនឹងកាត់បន្ថយពីរយៈពេល ១៤ថ្ងៃទៅរយៈពេលខ្លីជាងនេះបាន»។ លោកបានគូសបញ្ជាក់បន្ថែមថា «ការសម្រេចចិត្តផ្លាស់ប្តូរការណែនាំខាងលើនេះ មិនទាន់ដល់សម្រេចដល់ទីបញ្ចប់ទេ ហើយអ្នកជំនាញកំពុងត្រួតពិនិត្យទិន្នន័យឡើងវិញ ដើម្បីធ្វើឱ្យប្រាកដថា ការផ្លាស់ប្តូរបែបនេះ នឹងមិនធ្វើឱ្យមនុស្សមានគ្រោះថ្នាក់ឡើយ»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers បានឱ្យដឹងថា ករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង ១២.៩លានករណីហើយ ក្នុងនោះមានអ្នកស្លាប់ជាង ២៦៥,០០០នាក់ និងជាសះស្បើយជាង ៧.៦លាននាក់៕