(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកទើបរកករណីឆ្លង COVID-19 រហូតដល់ទៅ ១៧៥,០៤៧ករណីថ្មីៗទៀត ដែលត្រូវបានរកឃើញតែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ខណៈអ្នកជំងឺ ២,១៨៧នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ ដែលជាអត្រាឆ្លង និងស្លាប់ដ៏អាក្រក់បំផុត នៅក្នុងមួយសប្តាហ៍មកនេះ។ នេះបើតាមការដកស្រង់ទិន្នន័យពី គេហទំព័រ Worldometer នាព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ជាង ១២,៩៥៥,០០០ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៦៥,៨៩១នាក់ និងជាសះស្បើយឡើងវិញចំនួន ៧,៦៣៦,៦៨៤នាក់។ សន្ទុះនៃការឆ្លង COVID-19 ប្រចាំថ្ងៃរបស់អាមេរិកនេះ បានបង្ខំឲ្យរដ្ឋកាន់តែច្រើនបង្កើនការរឹតត្បិត និងបិទសាលារៀនជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងយ៉ាងគំហុកបែបនេះ។
គួរបញ្ជាក់ថា លោក ចូ បៃដិន ដែលចាត់ទុក COVID-19 ជាអាទិភាពមួយក្នុងការដោះស្រាយ កន្លងមកធ្លាប់បានអះអាងថា លោកមិនមានផែនការបិទប្រទេសឡើយ ប៉ុន្តែនឹងអនុវត្តវិធានការតម្រូវឲ្យពាក់ម៉ាសទូទាំងសហរដ្ឋអាមេរិក និងការរឹតត្បិតមួយចំនួនទៀត ក្នុងនោះព្រមទាំងកញ្ចប់ថវិកាសង្គ្រោះផងដែរ អាចនឹងត្រូវដាក់ចេញភ្លាមៗ បន្ទាប់ពីលោកស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕