(កៃស៊ុង)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃអង្គារនេះបានប្រកាសបេ្តជ្ញាការពារ ដែនអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ តាមរយៈការកសាងកងនាវាមុជទឹកជំនាន់ថ្មី ដែលអភិវឌ្ឍនៅក្នុងស្រុកផ្ទាល់ ដោយវាជាគម្រោងដ៏សំខាន់ ទទួលបានការគាំទ្រពេញទំហឹងពីសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

កោះតៃវ៉ាន់ដែលប្រទេសចិនអះអាងថា គ្រាន់តែជាខេត្តមួយរបស់ខ្លួន បានខិតខំប្រឹងប្រែងជាច្រើនឆ្នាំមកហើយ ដើម្បីធ្វើទំនើបកម្មកងនាវាមុជទឹករបស់ខ្លួន ដែលខ្លះមានអាយុកាលតាំងពីសង្គ្រាមលោកលើកទី ២ តែទោះជាយ៉ាងណាក៏មិនអាចប្រកួតប្រជែង ជាមួយកងនាវាចិនបានឡើយ ដែលរួមបញ្ជូនទាំងនាវា ដែលមានសមត្ថភាពបាញ់អាវុធនុយក្លេអ៊ែរផងដែរនោះ។ នៅក្នុងពិធីចាប់ផ្តើមការសាងសង់កងនាវាមុជទឹកថ្មី នៅឯទីក្រុងកំពង់ផែកៅស៊ុង (Kaohsiung) ភាគខាងត្បូងកោះតៃវ៉ាន់ លោកស្រី Tsai បានហៅការផ្លាស់ប្តូរនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់បង្កើនសមត្ថភាពការពារកោះនេះ បន្ទាប់ពីបានជម្នះបញ្ហាប្រឈម និងមន្ទិលសង្ស័យផ្សេងៗទៀត។ លោកស្រី Tsai ក៏បានកត់សម្គាល់ទៀតថា ការស្ថាបនានេះគឺបានបង្ហាញពីឆន្ទៈ ដ៏ខ្លាំងក្លារបស់កោះតៃវ៉ាន់ចំពោះពិភពលោក ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។

ក្រុមហ៊ុន CSBC គាំទ្រដោយរដ្ឋាភិបាលកោះតៃវ៉ាន់បានបញ្ជាក់ថា ខ្លួននឹងប្រគល់នាវាមុជទឹក ០១គ្រឿងក្នុងចំណោមនាវាទាំង ០៨គ្រឿង ដែលបានគ្រោងផលិតឲ្យបាននៅឆ្នាំ២០២៥ ជាការជំរុញដ៏សំខាន់មួយដល់ការធ្វើទំនើបកម្មយោធា និងផែនការរបស់លោកស្រី Tsai។ លោក Cheng Wen Lung ប្រធានក្រុមហ៊ុន CSBC បានលើកឡើងថា ក្រុមហ៊ុនបានប្រឈមនឹងបញ្ហាធំៗ រួមទាំងផលលំបាកក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ ក៏ដូចជាឥទ្ធិពលពីខាងក្រៅ ដែលរារាំងដល់ការអភិវឌ្ឍកម្មវិធីនេះ។

គួរបញ្ជាក់ថា យោធាកោះតៃវ៉ាន់ភាគច្រើន ត្រូវបានបំពាក់ដោយអាវុធអភិវឌ្ឍឡើងដោយសហរដ្ឋអាមេរិក ប៉ុន្តែលោកស្រី Tsai បានពង្រឹងការអភិវឌ្ឍឧស្សាហកម្មការពារជាតិ ក្នុងស្រុកជាអាទិភាពសំខាន់។ ជាក់ស្តែង នៅក្នុងខែមិថុនាកន្លងទៅ លោកស្រី Tsai បានត្រួតពិនិត្យការហោះហើរសាកល្បង យន្តហោះបណ្តុះបណ្តាលជំនាន់ថ្មី ដែលអភិវឌ្ឍក្នុងស្រុកជាលើកដំបូង៕