(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ បានបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែកធុនធ្ងន់ជាច្រើនគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលមានពាក្យចចាមអារ៉ាម ថាលោកប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ មានផែនការធ្វើសកម្មភាពយោធាប្រឆាំងនឹងអ៉ឺរ៉ង់ មុននឹងលោក ចូ បៃដិន ឡើងស្បថចូលកាន់តំណែង ប្រធានាធិបតីអាមេរិកជាផ្លូវការ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Times of Israel នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
សារព័ត៌មាន Times of Israel បានឱ្យដឹងទៀតថា យន្ដហោះទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿងខាងលើ អមដំណើរដោយយន្ដហោះចម្បាំង F-15, F-16 រួមទាំង យន្ដហោះចាក់ប្រេង KC-10 និង KC-135 បានហោះកាត់តាមដែនអាកាសនៃប្រទេសអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ក្នុងដំណើរផ្លួវឆ្ពោះទៅកាន់មូលដ្ឋាន ដែលយន្ដហោះទាំងនេះត្រូវឈរជើង ដែលទំនងជាមូលដ្ឋានទ័ពក្នុងប្រទេសកាតា។ ចំណែកឯ ទីបញ្ជាការកណ្ដាលយោធាអាមេរិក ក៏បានបញ្ជាក់ដែរថាការដាក់ពង្រាយ យន្ដហោះចម្បាំងទាំងនេះគឺមានគោលបំណងកំញើញអ៉ីរ៉ង់ និងទប់ស្កាត់ការគំរាមកំហែងណាមួយលើសម្ព័ន្ធមិត្តអាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា ការបញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក ទៅកាន់តំបន់មជ្ឈិមបូព៌ា កើតមានឡើងចំពេលមានពាក្យចចាមអារ៉ាមថា លោកប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ និងអ៉ីស្រាអែល មានផែនការធ្វើសកម្មភាពយោធាប្រឆាំងនឹងអ៉ឺរ៉ង់ មុននឹងលោក ចូ បៃដិន ដែលពួកគេយល់ថាមានទំនោរទន់ភ្លន់ជាមួយអ៉ីរ៉ង់ ឡើងស្បថកាន់តំណែង ប្រធានាធិបតីជាផ្លូវការ នៅខែមករា ឆ្នាំ២០២១។ បន្ថែមពីលើនេះ អ្នកជំនាញជាច្រើនក៏យល់ដែរថា មុនផុតអាណត្តិជាប្រធានាធិបតី លោក ដូណាល់ ត្រាំ អាចនឹងបង្កើន ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងតេហេរ៉ង់៕