(មិចស៊ីកូស៊ីតធី)៖ នាយករដ្ឋមន្ត្រីនៃប្រទេស បេលីស (Belize) លោក ចន ប្រាយសេណូ (John Briceno) ត្រូវបានធ្វើតេស្ដ «វិជ្ជមាន» ចំពោះជំងឺរាតត្បាត COVID-19 ខណៈប្រទេសជាប់សមុទ្រការីបៀនមួយនេះ កំពុងប្រយុទ្ធប្រឆាំងជំងឺនេះយ៉ាងស្វិតស្វាញ។ នេះបើតាមប្រភពពីការិយាល័យនាយកដ្ឋមន្ត្រី ដកស្រង់ចេញ និងផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍នៃការិយាល័យនាយកដ្ឋមន្ត្រីប្រទេស Belize បានបញ្ជាក់ទៀតថា លោកនាយករដ្ឋមន្ត្រី Briceno នឹងបន្តស្ថិតនៅដាច់ដោយឡែកពីគេឯង ក្នុងរយៈពេល ០២សប្ដាហ៍ ដើម្បីទទួលការព្យាបាល ហើយលោកនឹងទទួលការធ្វើតេស្ដជាបន្តបន្ទាប់ ទៅតាមក្បួនច្បាប់វេជ្ជសាស្ត្រ។
គួរបញ្ជាក់ថា បើតាមសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ប្រទេស Belize មានអ្នកឆ្លង COVID-19 សរុប ៥,១៨៣ករណីក្នុងនោះស្លាប់ ១១៦នាក់។ Belize ដែលមានព្រំដែនជាប់ប្រទេសហ្គាតេម៉ាឡា មិចស៊ីកូ និងដែនសមុទ្រការីបៀន មានប្រជាជនសរុបមិនដល់ ៤០០,០០០នាក់ឡើយ កំពុងរស់នៅលើផ្ទៃដីសរុប ២២,៩៦៦គីឡូម៉ែត្រក្រឡា៕