(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន បានជ្រើសតាំងអតីតសមាជិកព្រឹទ្ធសភា និងជាអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី (John Kerry) ជាធ្វើបេសកជនពិសេសទទួលបន្ទុកអាកាសធាតុ ដើម្បីដឹកនាំបេសកកម្ម ប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រែប្រួលអាកាសធាតុ ដែលស្ថិតក្នុងគោលនយោបាយចម្បងមួយ សម្រាប់រដ្ឋបាលថ្មីរបស់លោក បៃដិន ធ្វើការដោះស្រាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក បៃដិន បច្ចុប្បន្ន កំពុងតែងតាំង គណៈរដ្ឋមន្ត្រីនៃរដ្ឋបាលថ្មីរបស់លោក ខណៈប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមមន្ត្រីនៃរដ្ឋបាល ចាត់ចែងកិច្ចការទូទៅ (GSA) ឲ្យរៀបចំដំណើរការផ្ទេរអំណាច ទៅឲ្យលោក ចូ បៃដិន ជាផ្លូវការ។ នៅក្នុងសារបង្ហោះលើ Twitter លោក John Kerry ក៏បានបង្ហាញ ក្ដីរីករាយដែលចំពោះតំណែងនេះផងដែរ។ លោក Kerry មានវ័យ ៧៦ឆ្នាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក នឹងមានរដ្ឋាភិបាលថ្មីមួយក្នុងពេលឆាប់ៗនេះ ដែលនឹងដោះស្រាយការប្រែប្រួលអាកាសធាតុ ដោយចាត់ទុកបញ្ហានេះថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ»។
លោក Kerry បានសង្កត់ធ្ងន់បន្ថែមថា «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានធ្វើការជាមួយលោកប្រធានាធិបតីជាប់ឆ្នោត, បណ្តាសម្ព័ន្ធមិត្តរបស់យើង និងថ្នាក់ដឹកនាំយុវជននៃចលនាការពារបរិស្ថាន ដើម្បីដោះស្រាយវិបត្តិមួយនេះ ក្នុងនាមជាបេសកជនពិសេស ទទួលបន្ទុកបញ្ហាអាកាសធាតុ របស់ប្រធានាធិបតី»។
គួរបញ្ជាក់ថា លោក ចូ បៃដិន បានសន្យាថាលោកនឹងនាំសហរដ្ឋអាមេរិក ចូលក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុឡើងវិញ បន្ទាប់ពីលោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិក ដោយសំអាងថាកិច្ចព្រមព្រៀងនេះ ធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចអាមេរិក។ អតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានប្រឹងប្រែងយ៉ាងខ្លាំងជាមួយសម្ព័ន្ធមិត្ត ដើម្បីបង្កើតកិច្ចព្រមព្រៀងខាងលើនេះឡើង កាលពីឆ្នាំ២០១៥៕