Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក បៃដិន តែងតាំងលោក Mayorkas ជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ, លោកស្រី Yellen ជារដ្ឋមន្ត្រីរតនាគារ (Video inside)

24-11-2020 13:29

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន នឹងតែងតាំង លោក Alejandro Mayorkas ជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ ដោយរំពឹងថាបុរសមានកំណើត ជាជនអន្តោប្រវេសន៍គុយបារូបនេះ នឹងកែសម្រួលឡើងវិញនូវគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Mayorkas ដែលជាអតីតរដ្ឋអាជ្ញាសហព័ន្ធម្នាក់ក្នុងរដ្ឋកាលីហ្វ័រញ៉ា ធ្លាប់បម្រើការជាអនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខមាតុភូមិ ក្រោមរដ្ឋបាលដឹកនាំដោយ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅពេលលោក ចូ បៃដិន ជាអនុប្រធានាធិបតីអាមេរិក។ លោក Mayorkas បានស្ថិតនៅក្នុងចំណោមបេក្ខភាព មន្ត្រីកំពូលៗជាច្រើននាក់ ដែលត្រូវបានជ្រើសរើសដោយលោក បៃដិន សម្រាប់បំពេញការងារក្រោមរដ្ឋបាលថ្មី ដែលលោកនឹងស្បថចូលកាន់តំណែងជាផ្លូវការនៅ ខែមករា ឆ្នាំ២០២១។

ក្រៅពីលោក Mayorkas លោក បៃដិន ក៏បានតែងតាំងមន្ត្រីកំពូលមួយចំនួនរួចហើយដែរ ក្នុងរួមមានលោក ប្លីងខិន (Tony Blinken) ជារដ្ឋមន្ត្រីការបរទេសអាមេរិក និងលោកស្រី Janet Yellen ជារដ្ឋមន្ត្រីរតនាគារជាតិ។ លោកស្រី Janet Yellen គឺជាអតីតប្រធានធនាគារកណ្ដាលអាមេរិក នៅជំនាន់លោក បារ៉ាក់ អូបាម៉ា។

គួរបញ្ជាក់ថា បើសិនជាការតែងតាំងនេះត្រូវបានព្រឹទ្ធសភាអាមេរិក ទទួលស្គាល់ នោះលោកស្រី Janet Yellen នឹងក្លាយជាស្ត្រីដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលអាចកាន់តំណែងជារដ្ឋមន្ត្រីរតនាគារ។ ចំណែកឯ លោក Alejandro Mayorkas នឹងក្លាយជាពលរដ្ឋអាមេរិកមានដើមកំណើតអាមេរិកឡាទីនដំបូងគេ ដែលកាន់ តំណែងជារដ្ឋមន្ត្រីសនិ្តសុខមាតុភូមិ ចាប់តាំងពីក្រសួងនេះ ត្រូវបានបង្កើត នៅក្រោយការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១មក៕