(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា មានករណីឆ្លង COVID-19 ថ្មីៗចំនួន ១,៨៨៤ករណីបន្ថែមទៀតត្រូវបានកត់ត្រា ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៥៦,៦៥៩ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
បើតាមការបញ្ជាក់របស់ក្រសួង ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ មានតែ ០២ករណីប៉ុណ្ណោះដែលជាប្រភេទនាំចូល ក្រៅពីនោះគឺករណីឆ្លងក្នុងស្រុកទាំងអស់ ដោយករណីភាគច្រើនត្រូវបានរាយការណ៍ចេញពីរដ្ឋ Selangor។
ក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លងម៉ាឡេស៊ីក៏បានកត់ត្រាអ្នកស្លាប់ថ្មីចំនួន ០២នាក់បន្ថែទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបកើនដល់ ៣៣៧នាក់។ ចំណែកឯ ចំនួនអ្នកជំងឺជាសះស្បើយសរុបកើនដល់ ៤២,៤៨០នាក់ បន្ទាប់ពីមនុស្សចំនួន ៨៨៣នាក់ បានជាសះស្បើយឡើងវិញ នៅថ្ងៃចន្ទនេះ៕