(ស៊ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោកស្កុត ម៉ូរីសុន បាននិយាយនៅថ្ងៃចន្ទនេះថា ភាពតានតឹងរវាងអូស្រ្តាលីនិងចិន ត្រូវបានគេយល់ច្រលំថា វាកើតឡើងដោយសារតែការប្រកួតប្រជែងគ្នា រវាងចិននិងសហរដ្ឋអាមេរិក។ ប៉ុន្តែតាមពិត អូស្ត្រាលីគឺមានផលប្រយោជន៍ និងទស្សនៈផ្ទាល់ខ្លួន ជុំវិញបញ្ហានេះ មិនមានជាប់ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះ លោក ស្កុត ម៉ូរីសុន បានលើកឡើងយ៉ាងដូច្នេះថា «សកម្មភាពរបស់យើង ត្រូវបានគេយល់ច្រលំនិងបកស្រាយខុស តាមរយៈខ្សែភ្នែកនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ រវាងចិននិងសហរដ្ឋអាមេរិក»។ លោកបានសង្កត់ធ្ងន់ទៀតថា «វាដូចជាប្រទេសអូស្រ្តាលី មិនមានផលប្រយោជន៍ ឬទស្សនៈផ្ទាល់ខ្លួនទាល់តែសោះ ក្នុងនាមជារដ្ឋអធិបតេយ្យឯករាជ្យមួយដែរ»។
គួរបញ្ជាក់ថា ទំនាក់ទនងរវាងចិន និងអូស្ត្រាលីបានស្គាល់ភាពតានតឹងនឹងគ្នា ក្នុងកំឡុងឆ្នាំ២០១៨ នៅពេលដែលប្រទេសអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេ ដែលបានហាមឃាត់ជាសាធារណៈ ចំពោះប្រព័ន្ធ 5G របស់ក្រុមហ៊ុនចិន Huawei។ ហើយទំនាក់ទំនងនេះ កាន់តែអាក្រក់ថែមទៀត នៅពេលដែលប្រទេសអូស្ត្រាលី បានអំពាវនាវឲ្យមានការស៊ើបអង្កេត ជុំវិញប្រភពដែមនៃវីរុសកូរ៉ូណា។ ជាការសងសឹក ចិនបានសម្រេចដំឡើងពន្ធលើស្រូវសាឡី និងបន្ថយការនាំចូលសាច់គោ និងធ្យូងថ្ម ពីប្រទេសអូស្ត្រាលី៕