Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកឧបត្ថម្ភ គ្រាប់មីស៊ីល និងគ្រាប់បែកដល់ហ្វីលីពីន ដើម្បីស្អំទំនាក់ទំនង ឲ្យប្រសើរឡើងវិញ

23-11-2020 18:18

(ម៉ានីល)៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់គ្រាប់មីស៊ីលកំណត់ទិសដៅវាយប្រហារ (precision-guided missiles) និងអាវុធដទៃៗទៀត ដើម្បីជួយប្រទេសហ្វីលីពីន ប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមភេរវករ ISIS និងបន្តការសន្យារបស់សហរដ្ឋអាមេរិក ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន ប្រសិនបើវាស្ថិតក្រោមការវាយប្រហារ នៅក្នុងដែនសមុទ្រចិនខាងត្បូង ជាតំបន់ដែលមានជម្លោះនោះទៀតផង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក រ៉ូប៊ឺត អូប្រ៊ីយែន (Robert O’Brien) គឺជាអ្នកតំណាងឱ្យលោក ត្រាំ នៅក្នុងពិធីដែលប្រព្រឹត្តឡើងនៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅឯក្រសួងការបរទេសក្នុងទីក្រុងម៉ានីល (Manila) ជាកន្លែងដែលលោកបានប្រកាសប្រគល់សម្ងាត់មីស៊ីល និងគ្រាប់បែកដល់យោធាហ្វីលីពីន។

លោក ដូណាល់ ត្រាំ បានសន្យាតាមរយៈទូរស័ព្ទជាមួយប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) កាលពីខែមេសាកន្លងទៅនេះថា លោកនឹងផ្ដល់មីស៊ីលដែលមានតម្លៃ ១៨លានដុល្លាដល់ប្រទេសហ្វីលីពីន។

គួរបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien ក៏បានចូលរួមរំលែកទុក្ខដល់ប្រទេសហ្វីលីពីន បន្ទាប់ពីការវាយប្រហារដោយព្យុះទីហ្វុង ដែលបានបន្សល់ទុកនូវការស្លាប់ និងការបំផ្លិចបំផ្លាញជាច្រើននៅក្នុងប្រទេសនេះ។ សហរដ្ឋអាមេរិកក៏បានប្តេជ្ញាផ្តល់ជំនួយដល់ហ្វីលីពីន ដែលកំពុងប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាតនៃ COVID-19 ផងដែរ៕