(ហ្សេរុយសាឡិម)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសស្រាអែល បានរាយការណ៍នៅថ្ងៃចន្ទនេះថា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានធ្វើទស្សនកិច្ចជាសម្ងាត់ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ និងបានជួបជាមួយព្រះអង្គម្ចាស់ ម៉ូហាំមេដ ប៊ិនសាល់ម៉ាន់ (Mohammed bin Salman) និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) នៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ជុំវិញសេចក្តីរាយការណ៍ខាងលើ ការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ និងស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហ្សេរុយសាឡឹម មិនបានធ្វើការអត្ថាធិប្បាយអ្វីនោះទេ។ បើតាមទិន្នន័យតាមដានចរាចរណ៍ផ្លូវអាកាសបង្ហាញឱ្យឃើញថា មានយន្ដហោះជើងហោះហើរឯកជន១គ្រឿង បានដំណើររយៈពេលខ្លីចេញពីទីក្រុងតែលអាវីវ (Tel Aviv) នៃប្រទេសអ៉ីស្រាអែលទៅកាន់ទីក្រុង Neom នៃប្រទេសរអារ៉ាប៊ីសាអ៊ូឌីត ជាកន្លែងដែលព្រះអង្គម្ចាស់ ប៊ិនសាល់ម៉ាន់ និងលោក ប៉ុមប៉េអូ មានកិច្ចប្រជុំកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
គួរបញ្ជាក់ថា កន្លងមកនេះ លោក Pompeo បានព្យាយាមលួងលោមប្រទេសមហាអំណាចប្រចាំតំបន់ឈូងសមុទ្រពែកនេះ ឱ្យដើរតាមប្រទេសជិតខាងខ្លួន គឺអេមីរ៉ាត់អារ៉ាប់រួម (UEA) និងបារ៉ែន ក្នុងការបង្កើតទំនាក់ទំនងជាផ្លូវការជាមួយប្រទេសអ៉ីស្រាអែល។ ប៉ុន្តែរហូតមកដល់ពេលនេះ អារ៉ាប៊ីសាអូឌីត នៅតែបដិសេធក្នុងការបង្កើតមានទំនាក់ទំនងជាមួយអ៉ីស្រាអែលដដែល ដោយបាននិយាយថា បញ្ហាប៉ាឡេស្ទីន គួរតែត្រូវដោះស្រាយជាមុនសិន។ តែទោះជាយ៉ាងណា អារ៉ាប៊ីសាអូឌីត ក៏បានអនុញ្ញាតឱ្យអាកាសចរណ៍អ៊ីស្រាអែល ហោះហើរកាន់លើទឹកដីខ្លួន ឆ្ពោះទៅកាន់ប្រទេសដទៃទៀតនៅតំបន់ឈូងសមុទ្រពែក និងទៅកាន់ទ្វីបអាស៊ី៕