ចៅក្រមសហព័ន្ធ ច្រានចោលបណ្ដឹងជំទាស់លទ្ធផលបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Pennsylvania
22-11-2020 09:07
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវខកចិត្តសាជាថ្មី បន្ទាប់ពីចៅក្រមសហព័ន្ធម្នាក់ បានច្រានចោលពាក្យបណ្ដឹងនៃក្រុមយុទ្ធនាការឃោសនា បោះឆ្នោតរបស់លោក ដែលបានប្ដឹងឱ្យលុបចោលសន្លឹកឆ្នោតបោះតាមប្រៃសណីយ រាប់លានសន្លឹក នៅក្នុងរដ្ឋ Pennsylvania។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។
ចៅក្រមសហព័ន្ធក្នុងរដ្ឋ Pennsylvania លោក Matthew Brann បាននិយាយ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ថាការសម្រេចចិត្តច្រានចោលពាក្យបណ្ដឹងខាងលើ គឺដោយសារតែ ក្រុមយុទ្ធនាការឃោសនារបស់លោក ដូណាល់ ត្រាំ បានបរាជ័យក្នុងការបង្ហាញភស្តុតាងបញ្ជាក់ពីការលួចបន្លំសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅ ដែល បង្ហាញថាលោក ត្រាំ ចាញ់លោក ចូ បៃដិន។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ មិនទាន់ទទួលស្គាល់បរាជ័យរបស់ខ្លួនឯងឡើយ ខណៈក្រុមអ្នករិះគន់ បានចោទថា ការមិនទទួលស្គាល់នេះ កំពុងបង្កភាពស្មុគស្មាញដល់សន្តិសុខជាតិ និងការប្រយុទ្ធប្រឆាំង COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនអាមេរិកជិត ២៦១,៧៨៣នាក់ហើយ៕