(ប៉េកាំង)៖ មេដឹកនាំបណ្តាប្រទេសសមាជិក នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) ទាំង ២១ បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកំឡុងពេល និងក្រោយជំងឺរាតត្បាតសកល COVID-19 បញ្ចប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចប្រជុំឆ្នាំនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ «សក្តានុពលមនុស្សឆ្ពោះទៅរកវិបុលភាព នាពេលអនាគត, ការផ្លាស់ប្តូរទិស, ផ្តល់អាទិភាព និងវឌ្ឍនភាពរួមគ្នា»។ បណ្តាមេដឹកនាំបានពិភាក្សាពីសកម្មភាពរួមគ្នានៅក្នុងតំបន់ ដើម្បីពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ច ដោយផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ចរួមគ្នា។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មូហ៍យីដទីន យ៉ាស់ស៊ីន (Muhyiddin Yassin) ដែលជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំ APEC ឆ្នាំ២០២០ បានគូសបញ្ជាក់ថា ក្នុងនាមជាក្រុមប្រទេសដែលសេដ្ឋកិច្ចរួមស្មើនឹង ៦០% នៃសេដ្ឋកិច្ចពិភពលោក APEC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំមុខ ដើម្បីស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកក្រោយវិបត្តិជំងឺ COVID-19។
ទន្ទឹងគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងនៅក្នុងកិច្ចប្រជុំទាំងមូលយ៉ាងដូច្នេះថា អាទិភាពរបស់យើងគឺប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ លោក ពូទីន បានបន្ថែមទៀតថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទាំងអស់ ជាពិសេសដៃគូ APEC ទាំងអស់យ៉ាងជិតសិ្នទ្ធបំផុត តាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា នៅចុងបញ្ចប់នៃកិច្ចប្រជុំលោក Muhyiddin បានផ្ទេរឋានៈជាប្រធាន APEC ទៅឲ្យលោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នាយករដ្ឋមន្ត្រីនូវែលសេឡង់ សម្រាប់កិច្ចប្រជុំនៅឆ្នាំក្រោយ៕