(ប៉េកាំង)៖ ប្រទេសចិនកំពុងចាប់ផ្តើមធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំលើមនុស្សចំនួន 0៣លាននាក់នៅក្នុងផ្នែកមួយនៃភាគខាងជើងទីក្រុងធានជីន (Tianjin) និងបានធ្វើតេស្តរួចមកហើយលើមនុស្សចំនួន ៤,០១៥នាក់ផ្សេងទៀត នៅក្នុងមន្ទីរពេទ្យមួយនៃទីក្រុងសៀងហៃ (Shanghai) បន្ទាប់ពីបានរកឃើញករណីឆ្លងមួយចំនួននៅទីនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។
គណៈកម្មការសុខាភិបាលជាតិចិនបានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗក្នុងស្រុកចំនួន ០៧ករណីបន្ថែមទៀត ក្នុងនោះមាន ០៥ករណីបានរាយការណ៍ចេញពីទីក្រុង ធានជីន (Tianjin) និង ០២ករណីទៀតបានរាយការណ៍ចេញពីទីក្រុងសៀងហៃ (Shanghai)។ ទីក្រុង Tianjin កាលពីថ្ងៃសុក្រម្សិលមិញនេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន ០៥ករណី ដែលធ្វើឲ្យអាជ្ញាធរក្រុងនោះ បានសម្រេចចិត្តបិទលំនៅឋានសហគមន៍ និងសាលាមត្តេយ្យជាដើម ព្រមទាំងបានចាប់ផ្តើមធ្វើតេស្តលើប្រជាជនទាំងអស់ នៅក្នុងសង្កាត់ពីនហៃ (Binhai) នៃទីក្រុងកំពង់ផែមួយនេះ។ ចំណែកឯអាជ្ញាធរក្រុងសៀងហៃ ក៏បានសម្រេចចិត្តបិទមន្ទីរពេទ្យផងដែរ បន្ទាប់ពីប្តីប្រពន្ធមួយគូបានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះប្រទេសចិនមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទសចំនួន ៨៦,៤១៤ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៤,៦៣៤នាក់ និងជាសះស្បើយចំនួន ៨១,៤៧២នាក់៕