(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតនៃសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេមើលឃើញថា អាចនឹងតែងតែតាំងដៃគូនយោបាយដ៏យូរអង្វែង និងជាអ្នកការទូតជើងចាស់មួយរូបគឺលោក ថូនី ប្លីងខិន (Tony Blinken) ឲ្យធ្វើជារដ្ឋមន្ត្រីការបរទេសអាណត្តិថ្មី។ នេះបើតាមការចេញផ្សាយដោយ Sputnik ដកស្រង់ចេញសារព័ត៌មានអាមេរិក The Hill នារសៀលថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមសារព័ត៌មានដដែល ដែលទទួលបានពីមន្ត្រីមួយរូបនៃអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានឲ្យដឹងទៀតថា លោក Tony Blinken កំពុងស្ថិតនៅលេខរៀងជួរមុខ នៃការជ្រើសតាំងសម្រាប់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិក ដែលត្រូវបានគ្រប់គ្នាមើលឃើញថា ជាតំណែងដ៏សកម្មបំផុតក្នុងការបម្រើគោលនយោបាយ នៃប្រទេសមហាអំណាចមួយនេះ។ លោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងប្រកាសចេញនូវគម្រោងតែងតាំងលោក Tony Blinken នៅសប្តាហ៍ក្រោយនេះ។
គួរបញ្ជាក់ថា លោក Tony Blinken ដែលមានបច្ចុប្បន្នមានវ័យ ៥៨ឆ្នាំ គឺជាអ្នកការទូតជើងចាស់មួយរូប ដែលធ្លាប់កាន់តំណែងជាអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ពីចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ និងជាទីប្រឹក្សាសន្តិសុខជាតិ នៅក្នុងរដ្ឋបាលដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា ពីចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥។ ដោយឡែកបុគ្គលសំខាន់ៗមួយចំនួនទៀតដូចជា ព្រឹទ្ធសមាជិក គ្រី ឃូនស៍ (Chris Coons), អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំនៅរុស្ស៊ី លោក វីលៀន ប៊ឺនស៍ (William Burns) និងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកស្រី ស៊ូសាន រ៉ៃស៍ (Susan Rice) ក៏ស្ថិតនៅក្នុងតារាងជួរមុខ សម្រាប់អនាគតតំណែងជា រដ្ឋមន្ត្រីការបរទេសអាមេរិកនេះផងដែរ៕