(គូឡាឡាំពួ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក តាមប្រព័ន្ធអ៉ីនធើណិតនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ខណៈដែលប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្រើវេទិកានេះ ដើម្បីប្រឆាំងនឹងគោលនយោបាយ បែបគាំពារនិយមរបស់អាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC បានងាកទៅប្រារព្ធធ្វើឡើង តាមប្រព័ន្ធអ៉ីនធើណិតវិញនៅក្នុងឆ្នាំនេះ ដោយសារការរីករាលដាលនៃជំងឺរាតត្បាតសកល COVID-19។ កិច្ចប្រជុំនេះគឺជាការប្រមូលផ្តុំមេដឹកនាំ មកពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗចំនួន ២១ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលស្មើនឹង ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកទាំងមូល។

វត្តមានរបស់លោក ត្រាំ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងកិច្ចប្រជុំឆ្នាំនេះ បន្ទាប់ពីលោកខកខានមិនបានចូលរួមកិច្ចប្រជុំនេះ ចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ លោក ត្រាំ បានថ្លែងសុន្ទរកថា ទៅកាន់បណ្តាមេដឹកនាំដទៃទៀត នៅក្នុងការព្រឹត្តិការណ៍ដែលមានរយៈពេល ០២ម៉ោង ប៉ុន្តែលោកមិនបានស្វាគមន៍ ដល់បណ្តាសារព័ត៌មាននានានោះឡើយ។ ក្រុមអ្នកវិភាគបានគូសបញ្ជាក់ថា វត្តមានរបស់លោក ដូណាល់ ត្រាំ នៅក្នុងកិច្ចប្រជុំ APEC នៅឆ្នាំនេះ គឺដើម្បីបង្ហាញថា លោកនៅតែជាប្រធានាធិបតីអាមេរិក ខណៈដែលលោកកំពុងបន្តតតាំងតាមផ្លូវច្បាប់ ប្រឆាំងនឹងជ័យជម្នះរបស់លោក ចូ បៃដិន នៅឡើយ។

ក្រោមអាណត្តិដឹកនាំរបស់លោ ត្រាំ សហរដ្ឋអាមេរិកបានដើរចេញពីកិច្ចប្រជុំពហុភាគីជាច្រើនដូចជា APEC ដោយបានបង្កើតឱកាសយ៉ាងបើកចំហ ទៅឲ្យទីក្រុងប៉េកាំងក្នុងការកំណត់ច្បាប់ពាណិជ្ជកម្ម នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្រើសុន្ទរករបស់លោកទៅកាន់កិច្ចប្រជុំទាំងមូល កាលពីថ្ងៃសុក្រម្សិលមិញ ដើម្បីការពារការធ្វើពាណិជ្ជកម្មសេរី។ យោងតាមទូរទស្សន៍រដ្ឋចិន CCTV លោក ស៊ី បានលើកឡើងយ៉ាងដូច្នេះថា វាពិតជាសំខាន់ណាស់ដែលតំបន់អាស៊ី-ប៉ាស៊ីហ្វិក រក្សាបាននូវសន្តិភាព និងស្ថិរភាព ព្រមទាំងការគាំទ្រពហុភាគីនិយម ជាពិសេសជំរុញសេដ្ឋកិច្ចពិភពលោកដោយបើកចំហ។ លោក ស៊ី បានសង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគដោយសេរី មិនអាចធ្វើទៅបានក្នុងរយៈពេលមួយយប់បានឡើយ។

គួរបញ្ជាក់ថា កិច្ចប្រជុំ APEC នៅក្នុងឆ្នាំនេះត្រូវបានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីប្រទេសចិន និងបណ្តាប្រទេសចំនួន ១៤ ផ្សេងទៀតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានឈ្មោះថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ (RCEP) ដែលនឹងក្លាយជាកិច្ចព្រមព្រៀងសេរី ធំជាងគេបំផុតនៅលើពិភពលោក។ កិច្ចព្រមព្រៀងនេះមិនបានរាប់បញ្ចូលសហរដ្ឋអាមេរិកឡើយ ដែលត្រូវបានគេមើលឃើញថា ជាផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេសចិន ហើយបណ្តាប្រទេសហត្ថលេខីសង្ឃឹមថា RCEP នឹងជួយស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺ COVID-19៕