(សេអ៊ូល)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក គីម សុង (Kim Song) បានរិះគន់ធ្ងន់ៗចំពោះក្រុមប្រឹក្សាសន្តិសុខ នៃស្ថាប័នធំបំផុតរបស់អន្តរជាតិមួយនេះ ដែលបានចាត់ទុកកម្មវិធីអវកាសទីក្រុងព្យុងយ៉ាងថាជា «ការគំរាមកំហែង» ហើយកូរ៉េខាងជើងថែមទាំងបានហៅ ស្ថាប័នដ៏មានឥទ្ធិពលបំផុតនៅ UN មួយនេះទៀតថា ជាស្ថាប័នមិនមានប្រជាធិបតេយ្យ និងពោពេញដោយភាពលម្អៀង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Kim Song ប្រធានបេសកកម្មការទូតកូរ៉េខាងជើងប្រចាំនៅ UN បានធ្វើការរិះគន់ដូចខាងលើនេះ នៅក្នុងកិច្ចប្រជុំមហាសន្និបាត UN នាសប្តាហ៍នេះ ដោយក្នុងនោះលោកថែមទាំងបានអំពាវនាវ ឲ្យមានកំណែទម្រង់ក្នុងក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីធ្វើឲ្យស្ថាប័នមួយនេះអាចក្លាយជាតំណាង សម្រាប់ប្រទេសជាសមាជិកដោយស្មើភាពគ្នាផងដែរ។ ប្រតិកម្មធ្ងន់ៗបែបនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានហៅកម្មវិធីស្រាវជ្រាវទីអវកាស របស់ប្រទេសកូរ៉េខាងជើងថា «កំពុងបង្កការគំរាមកំហែងដល់ពិភពលោក»។
គួរបញ្ជាក់ថា UNSC មានសមាជិកសរុប ១៥ប្រទេស ដោយក្នុងនោះសមាជិកអចិន្ត្រៃយ៍មានចំនួន ០៥ គឺសហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស និងបារាំង។ ខណៈដែលជប៉ុន ប្រេស៊ីល អាល្លឺម៉ង់ និងឥណ្ឌា ត្រូវបានគេមើលឃើញថា កំពុងតែជំរុញខ្លួនឯងឲ្យក្លាយជាសមាជិកអចិន្ត្រៃយ៍នៅក្នុង UNSC នោះ ប្រទេសកូរ៉េខាងជើងបានចេញមុខជំទាស់ភ្លាមៗ ចំពោះបេក្ខភាពរបស់ប្រទេសជប៉ុន ដោយយោងទៅលើរឿងរ៉ាវកាលពីអតីតកាល៕