(វ៉ាស៊ីនតោន)៖ កូនប្រុសបង្កើតរបស់លោក ដូណាល់ ត្រាំ គឺលោក ដូណាល់ ត្រាំ ចេអ័រ (Donald Trump Jr) បានធ្វើតេស្តវិជ្ជមាន COVID-19 កាលពីដើមសប្តាហ៍នេះ និងកំពុងស្ថិតក្នុងការព្យាបាលដាច់ដោយឡែក។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់លោក Donald Trump Jr ដែលត្រូវបានដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមការអះអាងពីអ្នកនាំពាក្យកូនប្រុសលោក ដូណាល់ ត្រាំ ខាងលើនេះ លោក Donald Trump Jr មិនមានចេញរោគសញ្ញាអ្វីឡើយ ដោយវាមានន័យថាអការៈរបស់លោក ស្ថិតនៅក្នុងកម្រិតស្រាលប៉ុណ្ណោះ។ លោក Donald Trump Jr គឺជាសមាជិកគ្រួសារ ត្រាំ ចុងក្រោយហើយដែលបានឆ្លងជំងឺ COVID-19 បន្ទាប់លោក ដូណាល់ ត្រាំ, លោកស្រី មេឡានៀ ត្រាំ និងកូនប្រុសពៅរបស់អ្នកទាំងពីរឈ្មោះ បារ៉ុន (Barron)។
គួរបញ្ជាក់ថា ក្រៅពីលោក Donald Trump Jr កូនប្រុសរបស់មេធាវីផ្ទាល់ខ្លួនលោក ដូណាល់ ត្រាំ គឺលោក រូឌី ជូលីអានី (Rudy Giuliani) ក៏បានឆ្លងជំងឺ COVID-19 ផងដែរនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន)៕