(តូក្យូ)៖ អាជ្ញាធរសុខាភិបាលជប៉ុនបានប្រកាសឲ្យដឹងថា ខ្លួនបានរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ២,៤១៤នាក់ទៀតនៅថ្ងៃសុក្រនេះ ដែលជាការបំបែកកំណត់ត្រាថ្ងៃទី៣ ហើយ ក្នុងការរកឃើញអ្នកឆ្លងប្រចាំថ្ងៃច្រើនមិនធ្លាប់មានបែបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលជប៉ុន ក្នុងរយៈពេល២៤ម៉ោងដូចគ្នា អ្នកជំងឺ ០៨នាក់ ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរ។ នៅទីក្រុងតូក្យូ ដែលជាចំណុចកណ្តាលនៃការផ្ទុះជំងឺនេះ បានរាប់រ៉ងតែឯង ៥២២ករណី ក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើ ហើយក៏ជាថ្ងៃទី២ ដែរ ដែលទីក្រុងមួយនេះ បានកត់ត្រាអ្នកឆ្លងថ្មីលើស ៥០០ករណី ក្នុងមួយថ្ងៃ។ កំណើនករណីឆ្លងថ្មីៗនេះ បានធ្វើអាជ្ញាធរ សម្រេចបង្កើនកម្រិតប្រកាសអាសន្ន រហូតដល់កម្រិតខ្ពស់បំផុត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លងរាតត្បាតនេះ កាលពីថ្ងៃព្រហស្បិតិ៍ម្សិលមិញនេះ។
ជាសរុប រហូតមកទល់ពេលនេះ ជប៉ុនមានករណីឆ្លង COVID-19 ចំនួន ១២៨,៣៤៤ករណី ដោយមិនរាប់បញ្ចូលទាំងករណីឆ្លង លើនាវា ដែលត្រូវបានទុកចោល នៅក្បែរទីក្រុងតូក្យូកាលពីដើមឆ្នាំនេះទេ។ ហើយក្នុងចំណោមអ្នកឆ្លងទាំងនេះ មានស្លាប់ចំនួន ១,៩៧៦នាក់៕