(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអភិវឌ្ឍឱសថដ៏ធំរបស់អាមេរិក Pfizer ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន បាយអូអិនធិច (BioNTech) របស់ប្រទេសអាល្លឺម៉ង់ បានប្រកាសឲ្យដឹងថា ពួកគេបានដាក់ពាក្យស្នើសុំការអនុញ្ញាតជាបន្ទាន់ សម្រាប់ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន ទៅកាន់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក(FDA) ហើយនៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន the Hill នៅមុននេះបន្តិច នៅយប់ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
ជាមួយគ្នានេះ ក្រុមហ៊ុនទាំងពីរ ថែមទាំងបានគូសបញ្ជាក់ទៀថា ពួកគេទំនងជានឹងទទួលបានអាជ្ញាប័ណ្ណ សម្រាប់ប្រើប្រាស់វ៉ាក់សាំង ទៅលើក្រុមដែលមានហានិភ័យខ្ពស់ នៅចុងខែធ្នូខាងមុខនេះតែម្តង។
គួរបញ្ជាក់ថា ការដាក់ពាក្យសុំនេះ ធ្វើឡើងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន បានប្រកាសថា លទ្ធផលថ្មី នៃការវាយតម្លៃចុងក្រោយ ទៅលើការធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ របស់ពួកគេ បានបង្ហាញថា មានប្រសិទ្ធភាពរហូតដល់ ៩៥% និងមិនមានផលប៉ះពាល់ណាមួយ ត្រូវបានរាយការណ៍ទេ។ Pfizer ក៏បានអះអាងដែរថា វ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពការពារមនុស្សមានវ័យចាប់ពី ៦៥ឆ្នាំឡើងទៅ ក្នុងកម្រិត ៩៤ភាគរយ៕