(ប៉េកាំង)៖ មន្ត្រីសន្តិសុខសាធារណៈជាន់ខ្ពស់ចិនមួយរូប បានអំពាវនាវឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីតាមចាប់ខ្លួនក្រុមជនដែលមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ និងក្រុមទំនើងនៅក្នុងសង្គម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
អនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈជាតិលោក ទូ ហាងវៃ (Du Hangwei) បានជំរុញឲ្យមន្ត្រីប៉ូលិសនៅទូទាំងប្រទេសចិន តាមចាប់ខ្លួនក្រុមឧក្រិដ្ឋជន ដែលកំពុងរត់គេចខ្លួនទាំងអស់ដូចការគ្រោងទុក។ លោក Du បានធ្វើសេចក្តីអំពាវនាវខាងលើ នៅក្នុងកិច្ចប្រជុំកាលពីពេលថ្មីៗនេះរបស់ ក្រសួងសន្តិសុខសាធារណៈចិន។ យោងតាមទិន្នន័យរបស់ក្រសួងនេះបានឲ្យដឹងថា អ្នករត់គេចខ្លួនសរុបចំនួន ១,៦០៩នាក់ហើយ ត្រូវបានចាប់ខ្លួន ដែលស្មើនឹង ៩៤% នៃចំនួនមុខសញ្ញាសរុប ១,៧១២នាក់នៅក្នុងបញ្ជីខ្មៅ។
គួរបញ្ជាក់ថា គិតចាប់តាំងពីដើមឆ្នាំ២០១៨ ប្រទេសចិនបានចាប់ផ្តើមយុទ្ធនាការរយៈពេល ០៣ឆ្នាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងកម្ចាត់ក្រុម ម៉ាហ្វីយ៉ា (mafia) ក្នុងស្រុក។ រហូតមកទល់ពេលនេះ ប៉ូលិសនៅទូទាំងប្រទេសបានដោះស្រាយ ករណីពាក់ព័ន្ធច្រើនជាង ១៣,៣០០ករណី ចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើម៕