(ញូដេលី)៖ ករណីឆ្លងជំងឺ COVID-19 សរុបនៅក្នុងប្រទេសឥណ្ឌា បានឆ្លងដល់ដំណាក់កាលមួយទៀតហើយគឺលើស ៩លានករណីនៅថ្ងៃសុក្រនេះ បន្ទាប់ពីអ្នកឆ្លងថ្មីៗជិត ៤៦,០០០នាក់ទៀតត្រូវបានរាយការណ៍។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
ឥណ្ឌាគឺជាប្រទេសតែមួយគត់បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លង COVID-19 លើសពី ៩លានករណី ខណៈអាមេរិកគិតត្រឹមពេលដូចគ្នានេះ មានអ្នកឆ្លងជាង ១២លានករណីទៅហើយ។ ទោះជាបែបនេះក្តី អត្រាឆ្លងរាលដាលនៅក្នុងប្រទេសឥណ្ឌាត្រូវគេសង្កេតឃើញថា ហាក់មានការថមថយហើយ ក្រោយពីបានឈានដល់កម្រិតកំពូល កាលពីខែកញ្ញាកន្លងទៅ។
គួរបញ្ជាក់ថា នៅថ្ងៃដដែលនេះ ក្រៅពីករណីឆ្លងថ្មីៗក្រសួងសុខាភិបាលឥណ្ឌា ក៏បានរាយការណ៍ពីករណីស្លាប់ថ្មីៗផងដែរគឺ ៥៨៤នាក់ នាំឱ្យចំនួនអ្នកជំងឺ COVID-19 សរុបដែលបានស្លាប់នៅក្នុងប្រទេសអាស៉ីខាងត្បូងនេះ កើនឡើងដល់ ១៣២,១៦២នាក់។ រដ្ឋាភិបាលឥណ្ឌា និងក្រុមអ្នកជំនាញផ្នែកសុខាភិបាលបានព្រមានថា អត្រាឆ្លងរាលដាលអាចនឹងនៅមានការលោតឡើងវិញគួរឲ្យកត់សម្គាល់ ក្រោយពីពិធីបុណ្យ ទីប៉ាវ៉ាលី (Deepavali) ដែលត្រូវបានប្រារព្ធឡើងកាលពីពេលថ្មីៗកន្លងទៅនេះ៕