(មែលប៊ឺន)៖ ក្រុមហ៊ុនឱសថអាមេរិកទាំងពីរគឺក្រុមហ៊ុន ម៉ូឌែណា (Moderna) និងក្រុមហ៊ុន ភីហ្វីហ្សឺ (Pfizer) កាលពីពេលថ្មីៗនេះ បានចេញផ្សាយលទ្ធផលបឋម នៃការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្សក្នុងដំណាក់កាលទី ៣ ដោយអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពលើស ៩០ភាគរយ ដែលនេះកំពុងផ្ដល់ក្ដីសង្ឃឹម ដល់ពិភពលោកទាំងមូលថា ជំងឺដ៏កាចសាហាវមួយនេះ នឹងរលាយបាត់ក្នុងពេលឆាប់ៗនេះ។
ខណៈការវិវឌ្ឍនេះត្រូវបានចាត់ទុកជាដំណឹងល្អ សំនួរជាច្រើនទៀត ក៏នៅតែបន្តត្រូវបានចោទសួរដដែលៗអំពី ថាតើវ៉ាក់សាំងទាំងនេះអាចបង្ការ COVID-19 បានទាំងស្រុងដែរឬទេ? ជាការពិតណាស់ យើងនៅមិនទាន់អាចដឹងឱ្យប្រាកដថា តើវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Pfizer អាចបង្ការ COVID-19 បានយូរប៉ុណ្ណានោះទេ ឬថាតើវ៉ាក់សាំងនេះមានសុវត្ថិភាព និងប្រសិទ្ធភាពលើមនុស្សមានវ័យខុសៗគ្នា ឬស្ថិតក្នុងស្ថានភាពផ្សេងគ្នា ដូចជាស្រ្តីមានផ្ទៃពោះ, មនុស្សចាស់ ឬអ្នកមានជំងឺធ្ងន់ប្រចាំកាយ ឬក៏យ៉ាងណានោះដែរ។
លើសពីនេះទៅទៀត មកទល់ពេលនេះយើងត្រឹមនិយាយបានថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna គ្រាន់តែអាចបង្ការរោគសញ្ញា COVID-19 តែប៉ុណ្ណោះ ដោយសារមានតែអ្នកស្ម័គ្រចិត្ត ដែលមានរោគសញ្ញាស្រាប់ នៅក្នុងការធ្វើតេស្ដត្រូវបានវិភាគ ដោយយើងមិនទាន់អាចដឹងថា វាមានប្រសិទ្ធភាពអាចបង្ការ ការឆ្លងទាំងស្រុងនោះទេ។ វ៉ាក់សាំងដែលអាចគ្រប់គ្រងរោគសញ្ញាបាន តែមិនអាចបញ្ឈប់ការចម្លងវីរុសពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត វាពិតជាមានតម្លៃមែន។ តែអ្វីដែលរឹតតែសំខាន់ និងមានតម្លៃបំផុតនោះ គឺវាត្រូវតែជាវ៉ាក់សាំង ដែលមានប្រសិទ្ធភាពខ្ពស់ អាចកាត់បន្ថយចំនួនវីរុសយ៉ាងឆាប់រហ័ស និងបង្ការការឆ្លងទៅក្នុងខ្លួនមនុស្ស។
* ការមានវ៉ាក់សាំងច្រើនគឺជារឿងល្អ
វាជារឿងដ៏ល្អអស្ចារ្យដែលមានវ៉ាក់សាំងច្រើន ឆ្លងកាត់ការធ្វើតេស្ដដោយទទួលបានលទ្ធផលល្អដូចៗគ្នា។ បច្ចុប្បន្នយើងមានវ៉ាក់សាំងប្រើបច្ចេកវិទ្យា «mRNA» ឬវ៉ាក់សាំង mRNA COVID ចំនួន ២ ដែលមានប្រសិទ្ធភាពលើស ៩០ភាគរយ នោះគឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Pfizer នោះឯង។ លទ្ធផលល្អបែបនេះ អាចនឹងនាំយើងមានវ៉ាក់សាំងជោគជ័យកាន់ តែច្រើនផ្សេងៗពីគ្នា សម្រាប់សង្រ្គោះមនុស្សជាមួយតម្រូវការផ្សេងៗពីគ្នា។ មានបេក្ខភាពវ៉ាក់សាំងច្រើនជាង ២០០ កំពុងស្ថិតនៅក្រោមការអភិវឌ្ឍ តាមបច្ចេកទេស និងបច្ចេកវិទ្យាខុសៗគ្នា ហើយក្នុងចំណោមវ៉ាក់សាំងទាំងនេះ នឹងដំណើរការយ៉ាងល្អសម្រាប់មនុស្សមានវ័យខុសៗគ្នា ឬស្ថិតក្នុងស្ថានភាពផ្សេងគ្នា ដូចជាមនុស្សចាស់, ស្ត្រីមានផ្ទៃពោះ ឬមនុស្សមានជំងឺប្រចាំកាយ។
ជាឧទាហរណ៍ វ៉ាក់សាំងនៃសាកលវិទ្យាល័យអង់គ្លេស Oxford គឺជាវ៉ាក់សាំងមួយដែលមានសមត្ថភាព «កាត់បន្ថយកោសិកា T ឬ T cells»។ ចំណែកឯ វ៉ាក់សាំងរបស់សាកលវិទ្យាល័យអូស្ត្រាលី Queensland អាចជំរុញសកម្មភាពប្រព័ន្ធភាពសុំា ជាពិសេសនៅក្នុងខ្លួនមនុស្សចាស់។ ការចាក់វ៉ាក់សាំងផ្សេងៗគ្នា ដោយតម្រូវទៅលើមនុស្សជំពូកផ្សេងៗគ្នា អាចនឹងជួយយើងក្នុងការគ្របដណ្ដប់ និងបង្កើនក្ដីសង្ឃឹមថា យើងអាចនឹងកម្ចាត់ COVID-19 បានដោយសុវត្ថិភាព។
ដូច្នេះសរុបសេចក្តីមក យើងមិនអាចបោះបង់ចោលវ៉ាក់សាំងដទៃ ដែលកំពុងស្ថិតនៅក្នុងការអភិវឌ្ឍនោះទេ ឬនិយាយឱ្យងាយស្ដាប់ មានវ៉ាក់សាំងជោគជ័យកាន់តែច្រើន វាគឺជារឿងល្អ ប្រសើរជាងពឹងផ្អែកតែទៅលើវ៉ាក់សំាងពី ២ ទៅ ៣ វ៉ាក់សាំង។ ទាំងវ៉ាក់សាំងអាមេរិក ចិន រុស្ស៊ី អឺរ៉ុប និងអូស្ត្រាលីជាដើម សុទ្ធតែកំពុងបង្ហាញលទ្ធផលវិជ្ជមានចំពោះពិភពលោក ដែលកំពុងចង់ឃើញបំផុត នូវវ៉ាក់សាំងដែលមានប្រសិទ្ធភាព និងសុវត្ថិភាពបំផុត ដែលនឹងត្រូវទទួលស្គាល់ដោយអន្តរជាតិ៕
ប្រភព៖ CNA (ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០)