(ប៉េកាំង)៖ ក្រុមហ៊ុនអវកាស និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាចិន (CASC) បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ប្រទេសចិនគ្រោងបញ្ចូនយាន ឆាងអឺ ៥ (Chang'e-5) ទៅកាន់ឋានព្រះច័ន្ទនៅចុងខែវិច្ឆិកានេះ ដោយវាជាបេសកកម្មពិសេស និងជាលើកទីមួយសម្រាប់ចិន នោះគឺការជីកយកគំរូតាងពីព្រះច័ន្ទ រួចបាញ់បញ្ចូនមកផែនដីវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
CASC បានកត់សម្គាល់ថា វាគឺជាបេសកកម្មស្រាវជ្រាវនៅលើឋានព្រះច័ន្ទ ដ៏ទំនើបចុងក្រោយបង្អស់របស់ប្រទេសចិន។ ការបាញ់បង្ហោះត្រូវបានពន្យាពេលជាច្រើនដងមកហើយ ការពន្យារពេលចុងក្រោយបង្អស់គឺនៅចុងឆ្នាំ ២០១៩ និងត្រូវអូសបន្លាយរហូតមកដល់ពេលនេះ។ ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក យាន Chang'e-5 នឹងប្រមូលគំរូតាង (កម្ទេចដី ឬថ្ម) នៅលើផ្ទៃឋានព្រះច័ន្ទ ហើយនាំមកយកកាន់ផែនដីវិញ។
បេសកកម្មនេះនឹងត្រូវប្រើគ្រាប់រ៉ុកែតធុនធ្ងន់ Long March 5 នៅឯទីតាំងបាញ់បង្ហោះ វិនឆាង (Wenchang) ក្នុងខេត្តហៃណាន (Hainan)។ យោងតាម CASC បានឲ្យដឹងទៀតថា គ្រាប់រ៉ុក្កែតត្រូវបានដឹកជញ្ជូនតាមសមុទ្រ ទៅកាន់ទីក្រុង Wenchang តាំងពីចុងខែកញ្ញាមកម្ល៉េះ សម្រាប់ការតេស្តចាំបាច់មួយចំនួន និងការរៀបចំសម្រាប់ការបាញ់បង្ហោះ។ នៅព្រឹកថ្ងៃដដែល គ្រាប់រ៉ុក្កែតត្រូវបានផ្លាស់ទី ទៅកាន់ទីតាំងបាញ់បង្ហោះរួចរាល់ហើយ។
គួរបញ្ជាក់ថា បេសកកម្ម Chang'e-5 នឹងត្រូវចុះចតនៅតំបន់ភ្នំ រឹមខឺ (Rumker) ស្ថិតនៅភូមិភាគពាយ័ព្យនៃព្រះច័ន្ទដែលមានឈ្មោះ អូសិនណឹស ប្រូសែលឡារឹម (Oceanus Procellarum) នៅលើផ្នែកដែរបែរមុខ មករកផែនដីយើងជានិច្ចនោះ។ បច្ចុប្បន្នបេសកកម្មចិន Chang'e-4 ក៏កំពុងបន្តការសិក្សានៅផ្នែកម្ខាងទៀតនៃព្រះច័ន្ទ ដែលមិនបែរមុខរកផែនដីនោះគឺ Moon Far Side ផងដែរ ដោយវាជាយានដំបូងបំផុតក្នុងលោក ដែលបានចុះចត នៅតំបន់ដ៏ពិបាកទៅដល់បំផុតនោះ៕