Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកប្រកាសជាផ្លូវការ អំពីពេលវេលាដែលត្រូវកាត់បន្ថយ ចំនួនកងទ័ពនៅអ៉ីរ៉ាក់ និងអាហ្វហ្គានីស្ថាន (Video inside)

18-11-2020 09:40

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិស្ដីទី លោក គ្រីស្តូហ្វឺ មីលឡឺ (Christopher Miller) បានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់ឱ្យមកនៅត្រឹម ២,៥០០នាក់ដូចៗគ្នា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

បច្ចុប្បន្ន សហរដ្ឋអាមេរិក មានកងទ័ពជិត ៤,៥០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងច្រើនជាង ៣,០០០នាក់ក្នុងប្រទេសអ៉ីរ៉ាក់ ហើយការប្រកាសពីគម្រោងកាត់បន្ថយវត្តមានកងទ័ពនេះ ធ្វើឡើងតាមការសន្យារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ លោក Christopher Miller បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅឯមន្ទីរបញ្ចកោណយ៉ាងដូច្នេះថា «ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កងទ័ពរបស់យើងក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងមានត្រឹមតែ ២,៥០០នាក់ប៉ុណ្ណោះ ហើយកងទ័ពរបស់យើងក្នុងប្រទេសអ៉ីរ៉ាក់ ក៏នឹងនៅសល់ ២,៥០០នាក់ដូចគ្នាដែរ»

គួរបញ្ជាក់ថា ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់ គឺជាពាក្យសន្យាមួយរបស់លោក ដូណាល់ ត្រាំ តាំងតែពីយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦មកម្ល៉េះ។ កាលពីខែតុលាកន្លងទៅ លោក ត្រាំ ក៏ធ្លាប់បានប្រកាសជាថ្មីដែរថា កងទ័ពអាមេរិកទាំងអស់គួរតែត្រឡប់មកផ្ទះវិញ ជួបជុំគ្រួសាររបស់ពួកគេ នៅថ្ងៃបុណ្យណូអែលខាងមុខនេះ៕