Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតហើយត្រូវបានលោក ដូណាល់ ត្រាំ បណ្តេញចេញពីតំណែង! (Video inside)

18-11-2020 09:17

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានបណ្តេញមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខ តាមប្រព័ន្ធអ៉ីនធើណិតចំណុះឲ្យក្រសួងសន្តិសុខមាតុភូមិ លោក គ្រីស ក្រេបស៍ (Chris Krebs) តាមរយៈសារបង្ហោះលើបណ្តាញសង្គម Twitter ក្រោមចោទប្រកាន់ដោយគ្មានភស្តុតាងថា មន្ត្រីរូបនេះបានចេញសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវ ពាក់ព័ន្ធទៅនឹងសន្តិសុខ អំឡុងពេលនៃការបោះឆ្នោត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា លោក Krebs ទទួលបន្ទុកការពារការបោះឆ្នោតពីក្រុមហេកកឺ (Hackers) ប៉ុន្តែបានធ្វើឲ្យលោក ត្រាំ មានការខឹងសម្បារយ៉ាងខ្លាំង ជុំវិញកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត។ លោក Krebs ក៏ធ្លាប់បានប្រាប់មិត្តរួមការងារថា លោកក៏បានដឹងខ្លួនផងដែរថា នឹងត្រូវបណ្តេញចេញក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា លោក Krebs ដឹកនាំទីភ្នាក់ងារសន្តិសុខតាមអ៉ីនធើណិត (CISA) នៃក្រសួងសន្តិសុខជាតិ បានធ្វើឲ្យមេដឹកនាំសេតវិមានខឹងសម្បារ ចំពោះគេហទំព័រមួយដែលគ្រប់គ្រងដោយ CISA មានឈ្មោះថា ការគ្រប់គ្រងពាក្យចចាមអារ៉ាម ដើម្បីរារាំងព័ត៌មានមិនពិតជុំវិញការបោះឆ្នោត។ ចំពោះបញ្ហានេះ អ្នកនាំពាក្យរបស់ CISA មិនបានឆ្លើយតបនឹងការស្នើសុំ កិច្ចអត្ថាធិប្បាយនោះឡើយ៕