(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ប្រទេសជប៉ុននិងអូស្ត្រាលី បានឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយជាមួយគ្នា ស្តីពីកតិកាសញ្ញាការពារជាតិទ្វេភាគី ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការ និងសមយុទ្ធយោធារួមគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។
កតិកាសញ្ញាការពារជាតិដែលគេហៅថា កិច្ចព្រមព្រៀងទទួលបានទៅវិញទៅមក (Reciprocal Access Agreement) គឺជាក្របខ័ណ្ឌច្បាប់មួយ ដើម្បីអនុញ្ញាតឲ្យយោធានៃប្រទេសទាំងពីរ ធ្វើទស្សនកិច្ចគ្នាទៅវិញទៅមក ក៏ដូចជាធ្វើសមយុទ្ធរួមគ្នា និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតផងដែរ។
កិច្ចព្រមព្រៀងខាងលើបានចំណាយពេល ៦ឆ្នាំ ដើម្បីចរចា ហើយចាំបាច់ត្រូវផ្តល់សច្ចាប័នពីសមាជិកសភានៃប្រទេសទាំងពីរ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងដំបូង សម្រាប់ប្រទេសជប៉ុន ចាប់តាំងពីខ្លួនបានចុះហត្ថលេខាលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងយោធាកាលពីឆ្នាំ១៩៦០ ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋាន នាវាចម្បាំង, យន្តហោះចម្បាំង ព្រមទាំងកងទ័ពរាប់ពាន់នាក់នៅក្នុងប្រទេសជប៉ុន។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងតូក្យូ និងទីក្រុងកង់បេរ៉ា កំពុងស្វែងរកទំនាក់ទំនងកាន់តែជិតស្និតបន្ថែមទៀត ស្របពេលដែលពួកគេកំពុងព្រួយបារម្ភពីការកើនឡើងនៃសកម្មភាព កងទ័ពចិន ក្នុងសមុទ្រចិនខាងត្បូង, ការធ្វើសមយុទ្ធនៅប្រជុំដែនកោះមានជម្លោះនៅសមុទ្រចិនខាងកើត និងសកម្មភាពរបស់ទីក្រុងប៉េកាំងមកលើប្រទេស ដែនកោះប៉ាស៊ីហ្វិកខាងកើត៕