(ហាណូយ)៖ អាជ្ញាធរសុខាភិបាលវៀតណាម នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៥នាក់បន្ថែម ដែលនាំឲ្យករណីសរុបនៅទូទាំងប្រទេសកើនដល់១,២៨១ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ករណីឆ្លងថ្មីទាំង ២៥ករណីខាងលើ គឺសុទ្ធតែជាប្រភេទករណីនាំចូលពីក្រៅប្រទេស។ ដោយឡែក អ្នកជំងឺត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ មានចំនួនសរុប១,១០៣នាក់ ខណៈករណីស្លាប់វិញមានចំនួនសរុប ៣៥នាក់។
ទោះជាយ៉ាងណា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ខ្លួនមិនបានរកប្រភេទករណីឆ្លងក្នុងស្រុក អស់រយៈពេល ៧៤ថ្ងៃជាប់ៗគ្នាមកហើយ៕