(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន (Joe Biden) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បាននិយាយថា មិនមានផែនការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នោះទេ ខណៈរដ្ឋនៅឆ្នេរខាងលិចចំនួន៣ បានរួមគ្នាអំពាវនាវឱ្យបញ្ឈប់ ការធ្វើដំណើរដែលមិនចាំបាច់ជាបណ្ដោះអាសន្នសិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
រដ្ឋកាលីហ្វ័រញ៉ា (California), រដ្ឋអូរ៉េហ្គន (Oregon), និងរដ្ឋវ៉ាស៊ីនតោន (Washington) បានទទូចដល់ប្រជាជនទាំងអស់ឱ្យចៀសវាងការធ្វើដំណើរទៅក្រៅរដ្ឋ បើមិនមាន ការចាំបាច់ ដោយអ្នកជំនាញផ្នែកសុខភាព បានលើកឡើងថា រដូវវិស្សមកាលនាពេលខាងមុខនេះ នឹងពន្លឿនការកើនឡើងនៃករណីឆ្លង COVID-19 គួរឱ្យព្រួយបារម្ភបំផុត។
អភិបាលរដ្ឋ Oregon លោកស្រី ខេត ប្រោន (Kate Brown) បានចាត់វិធានការបន្ថែមលើការជួបជុំ ដែលកំណត់មិនឱ្យមានការជួបជុំមនុស្សលើសពី ០៦នាក់ទេ ដោយលោកស្រី បញ្ជាក់ដូច្នេះថា៖ «ខ្ញុំមិនបានស្នើសុំអ្នកទេ... ប៉ុន្តែខ្ញុំកំពុងប្រាប់អ្នកឱ្យបញ្ឈប់ការជួបជុំ... ក៏ដូចជាចូលរួមពិធីជប់លៀងផ្សេងៗជាដើម និងកំណត់ការប៉ះពាល់គ្នារបស់អ្នក ដែលតម្រូវ ឱ្យមានមនុស្សមិនលើសពី ០៦នាក់ទេ ក្នុងមួយគ្រួសារ»។
ការទទួចឱ្យបញ្ឈប់ការធ្វើដំណើរដែលមិនចាំបាច់នេះ បានកើតឡើង ខណៈសហរដ្ឋអាមេរិកបានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗជាង ១៧៧,០០០ករណីរយៈពេល ៤ថ្ងៃជាប់ៗគ្នា ដែលជាករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក។
ប៉ុន្តែលេខាធិការផ្នែកសុខភាពនៃរដ្ឋ California លោកវេជ្ជបណ្ឌិត Mark Ghaly បាននិយាយថា ការទទូចឱ្យបញ្ឈប់ការធ្វើដំណើរដោយមិនមានការចាំបាច់នេះ ត្រូវបានគេ ច្រានចោល ប៉ុន្តែបុគ្គលដែលធ្វើដំណើរចេញចូលរដ្ឋទាំង៣នេះ ត្រូវតែធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃជាចាំបាច់បំផុត។
គួរបញ្ជាក់ថា បើយោងតាមគេហទំព័រ Worldometer បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសច្រើនជាង១១លាននាក់ ក្នុងនោះស្លាប់ ២៤៩,៩៩៨នាក់ និងជាសះស្បើយឡើងវិញ ៦.៧លាននាក់៕