(ញូវយ៉ក)៖ អភិបាលរដ្ឋញូយ៉កលោក អាន់ឌ្រូ គ្យូអូម៉ូ (Andrew Cuomo) នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានច្រានចោលការអះអាងរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ អំពីការរៀបចំចាក់វ៉ាក់សាំង COVID-19 នៅក្នុងរដ្ឋញូយ៉ក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក Cuomo បានថ្លែងប្រាប់ទូរទស្សន៍ CNN យ៉ាងដូច្នេះថា អ្វីដែលលោកប្រធានាធិបតីបាននិយាយ គឺជារឿងមិនពិត... យើងជឿជាក់លើក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង។ រដ្ឋមួយចំនួនរួមទាំងរដ្ឋញូយ៉ក បានបង្កើតក្រុមវិទ្យាសាស្ត្រដាច់ដោយឡែកមួយផ្សេងទៀត ដើម្បីពិនិត្យលើសេចក្តីសម្រេចរបស់រដ្ឋបាលចំណីអាហារ និង ឱសថអាមេរិក (FDA) ក្នុងគោលបំណងផ្តល់ទំនុកចិត្តដល់ពលរដ្ឋអាមេកាំង ក្នុងការអនុញ្ញាឲ្យប្រើវ៉ាក់សាំង។ លោក Cuomo បានបន្តទៀតថា ពលរដ្ឋអាមេកាំងបាននិយាយថា ពួកគេមិនជឿទុកចិត្តលើដំណើររបស់ FDA ឡើយ ។
នៅព្រឹកថ្ងៃដដែលលោក ត្រាំ បានគូសបញ្ជាក់ថា វ៉ាក់សាំង COVID-19 នឹងមិនត្រូវបានបញ្ជូនទៅរដ្ឋញូយ៉កនោះទេ រហូតដល់មានការអនុញ្ញាតសិន។ នៅក្នុងសន្និសីទកាសែតមួយ នៅឯសេតវិមានលោក ត្រាំ បានលើកឡើងថា «លោក Cuomo មិនជឿជាក់ថា តើវ៉ាក់សាំងទាំងនោះមកពីណា.... វាគឺមកពីក្រុមហ៊ុនធំៗ និងមន្ទីរពិសោធន៍ទំនើបៗ បំផុតនៅជុំវិញពិភពលោក ប៉ុន្តែលោក Cuomo មិនទុកចិត្តលើការពិតដែលថា សេតវិមានជាអ្នកគ្រប់គ្រងរឿងនេះ»។ លោក ត្រាំ ក៏បានបន្ថែមទៀតផងដែរថា លោក Cuomo ត្រូវជូនដំណឹងដល់យើងជាមុនសិន នៅពេលដែលលោកត្រៀមខ្លួនរួចរាល់ បើមិនដូច្នេះទេ យើងមិនអាចចែកចាយទៅឲ្យរដ្ឋ ដែលមិនផ្តល់ឲ្យពលរដ្ឋរបស់ខ្លួនភ្លាមៗឡើយ ។
នៅជុំវិញបញ្ហានេះ លោក Cuomo បានថ្លែងប្រាប់សារព័ត៌មាន MSNBC យ៉ាងដូច្នេះថា «មិនមែនយើងមិនទុកចិត្ត លើក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងទាំងនោះទេ ប៉ុន្តែពលរដ្ឋអាមេកាំងមួយភាគធំ មានការព្រួយបា្តរម្ភពីការជ្រៀតជ្រែកផ្នែកនយោបាយ នៅក្នុងដំណើរការចាក់វ៉ាក់សាំង និងការអនុម័តឲ្យប្រើប្រាស់ ដោយលោកប្រធានាធិបតី»។ អភិបាលរូបនេះបានបន្ថែមទៀតថា ថ្ងៃដែលយើងទទួលបានវ៉ាក់សាំង យើងនឹងធ្វើការចែកចាយភ្លាមៗ ហើយការពិនិត្យឡើងវិញរបស់យើងលើដំណើរការរបស់ FDA នឹងធ្វើដំណាលគ្នាទៅនឹងការចែកចាយរបស់ពួកគេ។
គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក Cuomo បានរិះគន់រដ្ឋាភិបាលសហព័ន្ធម្តងហើយម្តងទៀត ពីការពឹងផ្អែកខ្លាំងទៅលើអង្គភាពឯកជន នៅក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន ហើយបានមើលរំលងជនជាតិភាគតិច និងក្រុមដែលងាយរងគ្រោះ។ រដ្ឋញូយ៉កស្ថិតនៅក្នុងចំណោមរដ្ឋមួយចំនួនរបស់អាមេរិក ដែលករណីឆ្លង COVID-19 កំពុងកក្រើកឡើងវិញ ខណៈវិធានការរឹតត្បិតមួយចំនួន ក៏ត្រូវបានប្រកាសឲ្យអនុវត្តឡើងវិញផងដែរ៕