(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានព្យាករណ៍ថា ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានឈ្នះសំឡេងប្រតិភូ ៣០៦ ទល់នឹង ២៣២ ដែលលោក ដូណាល់ ត្រាំ ទទួលបាន ខណៈអង្គប្រតិភូបោះឆ្នោតសរុបមាន ៥៣៨រូប។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក បៃដិន បានពង្រឹងជ័យជម្នះរបស់លោកបន្ថែមទៀតលើ លោក ត្រាំ បន្ទាប់ពីទទួលបានជ័យជម្នះ នៅក្នុងរដ្ឋដែលតែងតែគាំទ្រគណបក្សសាធារណរដ្ឋ នោះគឺរដ្ឋចរជា (Georgia)។ សំឡេងប្រតិភូរបស់លោកលោក ត្រាំ កើនដល់ ២៣២ បន្ទាប់ពីទទួលសំឡេងប្រតិភូ ១៥ បន្ថែមទៀតពីរដ្ឋ ណតស៍ ខារ៉ូលីណា (North Carolina)។ យ៉ាងណាមិញ លោក បៃដិន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយប្រកាសជាប្រធានាធិបតីជាប់ឆ្នោត តាំងតែពីលោកទទួលបានជ័យជម្នះ នៅក្នុងរដ្ឋភែនស៊ីលវេនៀ (Pennsylvania) មកម្ល៉េះ។
រដ្ឋ Georgia គឺជារដ្ឋមួយក្នុងចំណោមរដ្ឋទាំង ៥ ដែលបានបង្វែរដោយលោក បៃដិន បន្ទាប់ពីលោក ត្រាំ បានទទួលជ័យជម្នះនៅក្នុងរដ្ឋទាំងនោះ កាលពីការបោះឆ្នោតឆ្នាំ២០១៦។ លោក បៃដិន បានក្លាយជាអ្នកប្រជាធិបតេយ្យក្នុងរយៈពេល ២៨ឆ្នាំ ដែលបានបង្វែររដ្ឋមួយនេះឲ្យទៅជាពណ៌ខៀវវិញចាប់តាំងពីលោក បៀល គ្លីតុន (Bill Clinton) នៅក្នុងឆ្នាំ១៩៩២។
ដំបូងឡើយ លោក ត្រាំ បាននាំមុខមុននៅក្នុងរដ្ឋ Georgia ដោយសារតែសន្លឹកឆ្នោតមកពីតំបន់ជនបទ ភាគច្រើនត្រូវបានគេរាប់មុន ប៉ុន្តែលទ្ធផលគាប់ប្រសើរបានផ្លាស់ប្តូរទៅរកលោក បៃដិន វិញ បន្ទាប់ពីសន្លឹកឆ្នោតមកពីទីក្រុងធំៗដូចជា អាត្លង់តា (Atlanta) និង សាវ៉ាន់ណាហ៍ (Savannah) ចាប់ផ្តើមរាប់បញ្ចូល។ ខណៈនេះលោក បៃដិន កំពុងនាំមុខលោក ត្រាំ ជាមួយសំឡេងប្រហែល ១៤,០០០សំឡេង ហើយការរាប់សន្លឹកឆ្នោតដោយដៃឡើងវិញ នឹងត្រូវបិទបញ្ចប់នៅសប្តាហ៍ក្រោយ ប៉ុន្តែលទ្ធផលទំនងនឹងមិនផ្លាស់ប្តូរឡើយ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅតែបន្តបដិសេធមិនទទួលស្គាល់ភាពបរាជ័យរបស់ខ្លួន។ នៅល្ងាចថ្ងៃសុក្រសប្តាហ៍នេះ លោក ត្រាំ នឹងថ្លែងសុន្ទរកថាជាសាធារណៈលើកដំបូង ចាប់តាំងពីចាញ់ឆ្នោតកាលពី ០៦ថ្ងៃមុន ប៉ុន្តែគេមិនទាន់ច្បាស់ទេថាតើលោក ត្រាំ នឹងបើកឲ្យមានការសួរសំណួរ ឬទទួលស្គាល់ភាពបរាជ័យរបស់ខ្លួន៕