Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនព្រមានធ្ងន់ៗក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក ប៉ុមប៉េអូ ហ៊ាននិយាយថា «តៃវ៉ាន់មិនមែន ជាផ្នែកមួយរបស់ចិន» (Video inside)

14-11-2020 10:48

(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានព្រមានថា ទីក្រុងប៉េកាំងនឹងចាត់វិធានការឆ្លើយតប ប្រឆាំងនឹងរាល់ចេតនាបំផ្លាញផលប្រយោជន៍ និងលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ និយាយថា «តៃវ៉ាន់មិនមែនជាផ្នែកមួយរបស់ចិន»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុងសនិ្នសីទសារព័ត៌មានមួយ នាទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានបញ្ជាក់សាជាថ្មីថា តៃវ៉ាន់គឺជាខេត្តមួយរបស់ចិន ហើយចិនក៏ព្រមានផងដែរថា ការលើកឡើងរបស់លោក ប៉ុមប៉េអូ អាចនឹងបំផ្លាញដល់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក។

លោក Wang បានសង្កត់ធ្ងន់បន្ថែមទៀតថា «យើងសូមប្រាប់លោក ប៉ុមប៉េអូ ថា រាល់អាកប្បកិរិយាដែលបំផ្លាញផលប្រយោជន៍ស្នូល និងលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន នឹងត្រូវទទួលមកវិញនូវការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ពីចិន»។ ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ថា តើទីក្រុងប៉េកាំងនឹងចាត់វិធានការអ្វី ឆ្លើយតបទៅនឹងទីក្រុងវ៉ាស៊ីនតោននោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា តៃវ៉ាន់មិនមែនជាផ្នែកមួយរបស់ចិនឡើយ ដោយថែមទាំងអះអាងទៀត ផងថាទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋសុទ្ធតែទទួលស្គាល់ថា តៃវ៉ាន់បានផ្ដាច់ខ្លួនចេញពីចិនអស់រយៈពេល ៣៥ឆ្នាំមកនេះ ហើយក៏បានព្រមព្រៀងគ្នាថា នឹងការពារដែនកោះមួយនេះពីចិនផងដែរ។

ទោះបីជារដ្ឋមន្ត្រីការបរទេសអាមេរិក ហ៊ានលើកឡើងដូចខាងលើនេះមែន ប៉ុន្តែសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ ក៏ជាអ្នកដែលបានទទួលស្គាល់ជាផ្លូវការរួចទៅហើយ ទៅលើនយោបាយចិនតែមួយ ដោយក្នុងនោះគឺបានចែងយ៉ាងច្បាស់ថា កោះតៃវ៉ាន់គឺជាខេត្តមួយរបស់ចិន ខណៈប្រទេសភាគច្រើនបំផុតលើពិភពលោក បានទទួលស្គាល់ចំពោះគោលនយោបាយចិននេះ ជាគ្រឹះនៃទំនាក់ទំនងការបរទេស និងពាណិជ្ជកម្មរបស់ពួកគេជាមួយប្រទេសចិន៕