(ម៉ានីល)៖ អ្នកជំនាញផ្នែកអាកាសធាតុបានឲ្យដឹងថា ហ្វីលីពីនកាន់តែងាយរងគ្រោះជាងមុន ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ក្រោយព្យុះដ៏ខ្លាំងបំផុតរបស់ពិភពលោកនៅក្នុងឆ្នាំនេះ និងព្យុះទីហ្វុងមួយចំនួនទៀត បានវាយប្រហារជាបន្តបន្ទាប់មកលើ ប្រទេសដីកោះមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ព្យុះទីហ្វុង ហ្គោនី (Goni) បានវាយប្រហារភាគខាងត្បូងនៃកោះ លូហ្សូន (Luzon) ជាកោះដែលមានពលរដ្ឋរស់នៅច្រើនបំផុត នៅក្នុងប្រទេសហ្វីលីពីន។ កាលពីថ្ងៃទី ៣០ ខែតុលាកន្លងទៅ ព្យុះនេះបានបណ្តាលឲ្យមនុស្សហោចណាស់ ២៥នាក់បានស្លាប់, មនុស្សជិតមួយលាននាក់រងផលប៉ះពាល់, និងបានបំផ្លិចបំផ្លាញផ្ទៃដីកសិកម្ម ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនកន្លែងផងដែរ។ ជារួមការខូចខាតសរុប ត្រូវបានគេប៉ាន់ប្រមាណថា មានច្រើនជាង ២០០លានដុល្លារអាមេរិក។
នៅក្នុងដំណើរការនៃការស្តារប្រទេសឡើងវិញ ព្យុះវ៉ាមកូ (Vamco) ក៏បានវាយប្រហារបន្ថែមមួយទៀត ដែលបាននាំមកនូវខ្យល់បក់យ៉ាងសន្ធប់ លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង ដែលបង្កឲ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ មនុស្សយ៉ាងហោចណាស់ ១៤នាក់បានបាត់បង់ជីវិត។ Vamco គឺជាព្យុះទី ២១ ដែលបានបោកបក់មកលើ ប្រទេសហ្វីលីពីននៅឆ្នាំ២០២០នេះ។
ប្រហែល ១/៤ នៃព្យុះនៅជុំវិញពិភពលោក បានបោកបក់មកលើដែនដីហ្វីលីពីន ខណៈដែលចំនួនរបស់ពួកវា មិនទាន់ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខ ការផ្លាស់ប្តូរអាកាសធាតុនឹងជំរុញឲ្យព្យុះ វាយប្រហារប្រទេសហ្វីលីពីន ក្នុងសន្ទុះកាន់តែខ្លាំងឡើងៗ ហើយនាពេលខាងមុខវានឹងពិបាកព្យាករណ៍ទុកមុន។ នៅចន្លោះពីឆ្នាំ ២០០៦ ដល់ឆ្នាំ២០១៦ ព្យុះទីហ្វុងសរុប ៩៩ បានវាយប្រហារមកលើប្រទេសហ្វីលីពីន ហើយ ១០ ក្នុងចំណោមនោះគឺជាព្យុះកំណាច ជាពិសេសគឺព្យុះទីហ្វុង ហៃយ៉ាន (Haiyan) ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦,០០០នាក់កាលពីឆ្នាំ២០១៣។
គួរបញ្ជាក់ថា ការកើនឡើងកម្តៅទឹកសមុទ្រ គឺជាសញ្ញានៃការប្រែប្រួលអាកាសធាតុ និងផ្តល់ថាមពលដល់ព្យុះ។ វត្តមាននៃបាតុភូត ឡា នីណា (La Niña) ដែលបណ្តាលមកពីសីតុណ្ហភាពចុះត្រជាក់ នៅលើផ្ទៃភាគកណ្តាលនៃមហាសមុទ្រប៉ាស៊ីហ្វិកមានន័យថា ទឹកក្តៅកើតមានឡើងនៅជុំវិញប្រទេសហ្វីលីពីន ហើយវាពិតជាជួយជំរុញល្បឿន នៃការបង្កើតព្យុះទីហ្វុង៕