(វ៉ាស៊ីនតោន)៖ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក ពេលនេះបានឈានដល់កម្រិតខ្ពស់បំផុតថ្មីមួយទៀតហើយនោះគឺមនុស្សសរុបរហូតដល់ ១៨៣,៥២៧នាក់ទៀតបានឆ្លងជំងឺនេះ តែក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ខណៈអ្នកស្លាប់វិញមានចំនួន ១៣៩៥នាក់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ពីគេហទំព័រ worldometer នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យថ្មីៗបន្ថែមទៀត នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ១១,០៦៤,៣៦៤ករណី ក្នុងនោះអ្នកស្លាប់សរុបមាន ២៤៩,៩៧៥នាក់ និងជាសះស្បើយឡើងវិញជាង ៦,៧៨៩,០០០នាក់។ ពីដំបូងឡើយក្រុមអ្នកព្យាករណ៍បានលើកឡើងថា ឥណ្ឌាអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិក នៅក្នុងចំនួនករណីឆ្លង COVID-19 សរុប ប៉ុន្តែស្ថានការណ៍បានដើរបញ្ច្រាសពីការព្យាករណ៍វិញ ដោយអត្រាឆ្លងប្រចាំថ្ងៃនៅឥណ្ឌា បានធ្លាក់មកនៅកម្រិតទាប ខណៈសហរដ្ឋអាមេរិកវិញ បែរជាកើនឡើងកាន់តែខ្ពស់បន្ថែមទៀត។
គួរបញ្ជាក់ថា បណ្តារដ្ឋមួយចំនួននៅអាមេរិកដូចជា ញូមិចស៊ីកូ ញូយ៉ក និងអូរ៉េហ្គនកំពុងតែបង្កើនវិធានការរឹតត្បិត កាន់តែខ្លាំងឡើងៗ ដោយសារតែករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅទីនោះ ស្ទុះឡើងយ៉ាងគំហុក។ ដោយឡែកលោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីជិតផុតអាណត្តិ បានអះអាងរួចហើយថា លោកនឹងមិនបិទប្រទេសនោះឡើយ ប៉ុន្តែសម្រាប់លោក ចូ បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោតវិញ ធ្លាប់បានអះអាងថា លោកនឹងគិតគូរបញ្ហា COVID-19 ជាចម្បង ក្នុងនោះគ្រប់រដ្ឋទាំង ៥០ នឹងតម្រូវឲ្យប្រជាជនគ្រប់រូបពាក់ម៉ាស ដែលវិធានការណ៍ចម្បងមួយ ក្នុងការទប់ការឆ្លង និងចម្លងជំងឺដ៏កាចសាហាវមួយនេះ៕